(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា «លទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើ គណបក្សប្រជាជនកម្ពុជា គឺជាការបន្តការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនខ្លាំងឡើងថែមទៀត»។ លោក វង សូត ក៏បានថ្លែងនូវការ កោតសរសើរ ចំពោះសមាជិកថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យដូចពេលនេះ។

ការលើកឡើងរបស់ លោក​ វ​ង សូត បានធ្វើឡើងខណៈ ដែលលោកចូលរួម នៅក្នុងពិធីប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក លី ឡេង អនុប្រធានគណបក្សខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ជាអនុប្រធានក្រុមការងារចុះជួយស្រុក ក្រុមការងារចុះជួយឃុំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន រួមទាំងសកម្មជនគណបក្ស សរុបប្រមាណ៨០0នាក់ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះដែរ លោក លី ឡេង អនុប្រធានគណបក្សខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញ ព្រមទាំងការផ្ដល់អនុសាសន៍ពីសំណាក់ លោក វង​សូត ប្រធានក្រុមការងារ និងការចូលរួមគ្រប់សកម្មភាពដោយមិនគិតនឿយហត់ពីសំណាក់ក្រុមការងារថ្នាក់កណ្ដាល ជាមួយនឹងភាពសកម្មរបស់មន្ត្រីគ្រប់ថ្នាក់នៅមូលដ្ឋាន បានធ្វើឲ្យ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងស្រុកពញាក្រែក ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលនាំមុខលើគ្រប់ គណបក្សនយោបាយ ដែល ឈរឈ្មោះប្រកួតប្រជែងទាំងអស់។

លទ្ធផលនេះ បានបង្ហាញពីជោគជ័យថ្មី របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋបន្ដគាំទ្រ និងជឿទុកចិត្តទៅលើការដឹកនាំប្រទេស ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់នេះផងដែរ វាក៏បានបង្ហាញឱ្យប្រជាពលរដ្ឋទូទៅ រួមនិងសហគមន៍អន្ដរជាតិឃើញកាន់តែច្បាស់ពីការជឿជាក់របស់ប្រជាពលរដ្ឋ នៅចំនួន ៨២.៩៩% នៅទូទាំងប្រទេស បានអញ្ជើញទៅបោះឆ្នោត និងបាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងពិធីសំណេះសំណាលទៅកាន់សមាជិកបក្សនាឪកាសនោះ លោក វង សូត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាល នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះ ប្រទេសកម្ពុជា សម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់មួលបង្កាច់តែប្រជាជន និងប្រទេសជាតិខ្លួនឯង ។

ជាមួយគ្នានោះ លោក វ​ង សូត ក៏បានផ្ដាំផ្ញើដល់ក្រុមការងារ និងមន្ត្រីដឹកនាំគណបក្សស្រុក ឃុំ ភូមិ និងក្រុមបក្ស ត្រូវក្ដាប់ឲ្យជាប់នូវមេរៀន និងបទពិសោធន៍ ដែលបានសរុបក្នុងរបាយការណ៍ខាងលើ អ្វីជាចំណុចខ្លាំង ផ្ដល់ផលល្អ ត្រូវខិតខំបន្ដ ពង្រឹងពង្រីកបន្ថែមទៀត និងអនុវត្តឱ្យបានល្អប្រសើរ ប្រកបដោយភាពបត់បែន និងរស់រវើកទៅតាមកាលៈទេសៈ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិករបស់យើងមកលើគណបក្ស ធ្វើយ៉ាងណាទាក់ទាញ សមានចិត្តគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៥ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ខាងមុខ ៕