(ភ្នំពេញ)៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងវេចខ្ចប់កសិផលនាំចេញ របស់ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ឲ្យបើកដំណើរការនៅកម្ពុជា។

បើយោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគ ៣២,០២១,៥៧០ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៧២កន្លែង។

ជាមួយគ្នានេះ កម្ពុជា និងចិន កាលពីម្សិលមិញ ទើបបានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ​នាំចេក​កម្ពុជា ​ទៅកាន់ប្រទេសចិន រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ។ នាំចេញផ្លែចេក ទៅកាន់ទីផ្សារ​ប្រទេសចិន អាចនឹងដំណើរការនាចុងឆ្នាំ២០១៨នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ ខ្លួនបានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។ ទុនវិនិយោគសរុប នៃគម្រោងដែលត្រូវបានអនុម័តទាំងនេះ មានចំនួនប្រមាណ ៣,៥០០លានដុល្លារអាមេរិក ដែលបង្កើតការងារ បានប្រមាណជិត១០ម៉ឺនកន្លែង។

តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕