(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ ក្នុងបរិយាកាសពោរពេញដោយសេចក្តីសុខ សន្តិភាព និងសុវត្ថិភាព គ្មានអំពើហឹង្សា គ្មានការបំភិតបំភ័យ និងគ្មានការគម្រាមកំហែងអ្វីមួយ កើតឡើងនោះទេ នៅក្នុងអំឡុងពេលយុទ្ធនាកាស្វែងរកឆ្នោត។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ការបោះឆ្នោតនៅកម្ពុជា ពិតជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ រក្សាសម្ងាត់ និងសុវត្ថភាពយ៉ាងពិតប្រាកដ។ ប្រជាជនកម្ពុជា ពិតជាមានឆន្ទៈ ស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ដោយបានប្រើសិទ្ធិសម្រេច ជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដោយពុំមានរងនូវការបង្ខិតបង្ខំគម្រាមកំហែង៕