(ភ្នំពេញ)៖ ឆ្លើយតបនឹងការជំទាស់ចំពោះការបោះឆ្នោតនៅកម្ពុជាពីសំណាក់អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប អូស្ត្រាលីជាដើមនោះ លោក ខាំ លន់ ពលរដ្ឋម្ចាស់ឆ្នោតនៅខេត្តសៀមរាប បានប្រតិកម្មចំពោះការជ្រៀតជ្រែកនេះយ៉ាងខ្លាំង ដោយបានអះអាងពីការស័្មគ្រចិត្តចូលរួមបោះឆ្នោត និងបានផ្ដាំទៅអន្តរជាតិទាំងនោះថា ប្រជាពលរដ្ឋខ្មែរហែលឆ្លងសង្គ្រាម និងរបបប្រល័យពូជសាសន៍ឆ្អែតឆ្អន់ហើយ សូមកុំមករំខានប្រជាពលរដ្ឋខ្មែរទៀត។

លោក ខាំ លន់ ពលរដ្ឋដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមួយរូបដែរនោះ បានបន្តអះអាងថា ទាំងមណ្ឌលបោះឆ្នោត ទាំងលោកជាអ្នកចូលរួមបោះឆ្នោត ទាំងប្រជាពលរដ្ឋដទៃទៀតដែលបានចូលរួមបោះឆ្នោតក្នុងមណ្ឌលរបស់លោក បានស័្មគ្រចិត្តចូលរួមបោះឆ្នោតតាមសិទ្ធិរបស់ខ្លួន មិនមានអ្នកណាម្នាក់ទៅបង្ខិតបង្ខំពួកគាត់ឡើយ។ តាមការមើលឃើញនៅក្នុងមណ្ឌលលោក ការបោះឆ្នោតប្រព្រឹត្តទៅដោយភាពល្អប្រសើរ។

ពាក់ព័ន្ធនឹងការមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាពីសំណាក់អន្តរជាតិ លោក ខាំ លន់ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមច្រានចោលចំពោះគំនិតរបស់មន្ត្រីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ដែលបានផ្សព្វផ្សាយថាការបោះឆ្នោតនៅកម្ពុជាមិនប្រក្រតី ដោយគ្មានគណបក្សប្រឆាំងចូលរួម ខ្ញុំគិតថាសម្ដីរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលីនោះ មិនបានយល់ពីជម្រៅចិត្តកម្ពុជាទេ គណបក្សប្រឆាំងមិនមែនជា Idol របស់ប្រជាជនកម្ពុជាពិតប្រាកដទេ Idol របស់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជាយល់ឃើញ គឺអ្នកណា បក្សណាដែលគេធ្វើល្អជាមួយប្រជាជន ដែលជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបឃោឃៅខ្មែរក្រហម ប៉ុល ពត អ៊ីចឹងគិតថាល្អសម្រាប់គេហើយ សម្រាប់ខ្ញុំក៏ដូចគ្នាដែរ»

លោក ខាំ លន់ ក៏បានប្រកាសផ្ដាំទៅកាន់សហគមន៍អន្តរជាតិដែរថា ប្រសិនជាសហគមន៍អន្តរជាតិចេះខ្វាយខ្វល់ពីប្រជាពលរដ្ឋកម្ពុជាដូច្នេះ ម្ល៉េះប្រទេសកម្ពុជាមិនធ្លាក់ចូល ក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏ជូរចត់ស្ទើរផុតដង្ហើមនោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តហើយ សូមកុំមករំខានប្រជាពលរដ្ឋកម្ពុជាទៀត៕

សូមជម្រាបថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សហគមន៍អន្តរជាតិមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលីជាដើម បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ក្នុងការជំទាស់ ក៏ដូចជាមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយពួកគេបានលើកឡើងថា ការបោះឆ្នោតនេះគ្មានប្រជាធិបតេយ្យឡើយ ព្រោះគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម ខណៈប្រជាពលរដ្ឋខ្មែររីករាយយ៉ាងក្រៃលែងក្នុងការចូលរួមបោះឆ្នោតដោយសរី ត្រឹមត្រូវ និងយុត្តិធម៌ រីឯសណ្ដាប់ធ្នាប់ ក៏មានភាពល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះឡើយ៕

ខាងក្រោមនេះជាសំឡេងរៀបរាប់របស់ពលរដ្ឋម្ចាស់ឆ្នោត លោក ខាំ លន់ ដែលបានផ្ដល់កិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News: