(កំពង់ចាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមថា កាកបាទក្រហមកម្ពុជា នៅតែបន្ដរួមសុខ រួមទុក្ខ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពប្រសើរឡើង។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសសម្ដេចអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន១,៥៤៨គ្រួសារ ដែលរស់នៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម នៅថ្ងៃសុក្រ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នេះ ដែលប្រារព្ធធ្វើឡើងនៅវត្ដឥន្ទកោសី ហៅវត្ដចុងកោះជ្រូក ។

សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត បានថ្លែងទៀតថា «សម្រាប់អំណោយដែលយកមកចែកជូន ប្រជាពលរដ្ឋយើងនៅថ្ងៃនេះ នឹងអាចជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូនមួយចំណែក ហើយកាកបាទក្រហមកម្ពុជា ក៏នៅតែបន្ដចុះជួយជាស្បៀង និងសម្ភារផ្សេងៗទៀត ដោយក្រៅពីអំណោយ ដែលចែកជូន ចំនួន​១,៥៤៨គ្រួសារ​នេះ យើងក៏បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ ​ទៅតាមតំបន់គោលដៅរងគ្រោះ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​សម្រាប់ប្រជាពលរដ្ឋ​ ១,៩៥២គ្រួសារ ព្រមទាំង​ តង់ចំនួន​២០០​ផ្ទាំង​ និងរទេះជនពិការចំនួន​១០គ្រឿងផងដែរ​ ។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរយើងរស់នៅបានឲ្យស្អាត ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងនេះ ក៏មាននូវសត្វពស់ច្រើនផងដែរ ដូចនេះប្រុងប្រយ័ត្នជានិច្ច ហើយមានពស់ចឹង ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជនបងប្អូនជាបន្ទាន់ ។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានប្រគល់ថវិកាចំនួន២ម៉ឺនដុល្លារ សម្រាប់ជួសជុលសាលារៀន ដែលស្ថិតក្នុងបរិវេន វត្ដឥន្ទកោសី និងប្រគេនថវិកាចំនួន២ម៉ឺនដុល្លារទៀត ទៅវត្ដឥន្ទកោសី សម្រាប់ការចូលរួមកសាងសាលាឆាន់ផងដែរ ។

កាយវិការ និងទឹកចិត្ដដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​នេះ ប្រជាពលរដ្ឋ បានស្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ពិសេសបានថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ដទុក្ខដាក់ និងចុះជួយប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនទុក្ខប្រជាពលរដ្ឋចោលនោះឡើយ ៕

v