(កោះកុង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុ បានសហការណ៍ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបង្អែក ខេត្តកោះកុង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានធ្វើការពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុងរយៈពេល២ថ្ងៃ ដោយមិនតម្រូវឲ្យបង់ថវិកាឡើយ។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងឲ្យដឹងថា ដើម្បីសុខភាពប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មន្ទីរពេទ្យបង្អែកខេត្ត ពេញចិត្តសហការណ៍ដោយក្តីសោមនោស្សរីករាយ ក្នុងការបំពេញកាតព្វកិច្ច និងមានការពេញចិត្តសហការណ៍ ជាមួយរាល់សកម្មភាព ដែលក្រុមគ្រូពេទ្យមកពីក្រៅប្រទេស ឬក្នុងប្រទេស ដើម្បីជួយពិនិត្យជំងឺជូនប្រជាពលរដ្ឋ ដោយមិនមានប្រកាន់អ្នកមាន ឬអ្នកក្រឡើយ។

លោកបានថ្លែងបន្តថា ការពិនិត្យព្យាបាលជំងឺភ្នែកមានរយៈពេល ២ថ្ងៃ ដោយគិតពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ហើយថ្ងៃនេះក្រុមគ្រូពេទ្យមូលនិធិចក្ខុ ចុះពិនិត្យ និងព្យាបាល ជំងឺភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ និងភ្នែកផ្សេងៗ។

លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលសុខភាពភ្នែកថ្ងៃនេះ បើការពិនិត្យមើលឃើញថា សុខភាពភ្នែកប្រជាពលរដ្ឋម្នាក់ណាមានសភាពមិនធ្ងន់ធ្ងរ ក្រុមលោកគ្រូពេទ្យបានប្រគល់វ៉ែនតាជូនគាត់១ភ្លាមៗ តែបើការពិនិត្យសុខភាពភ្នែកប្រជាពលរដ្ឋណាម្នាក់មានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យអញ្ជើញគាត់ទៅធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យមូលនិធិចក្ខុ ព្យាបាលជូនដោយមិនតម្រូវឲ្យគាត់ចេញថ្លៃសេវាឡើយ។

លោកបន្តថា ក្រុមគ្រូពេទ្យជាអ្នកធានារ៉ាប់រងទាំងអស់ ទាំងការស្នាក់នៅ អាហារ និងថ្លៃធ្វើដំណើរ ហេតុដូច្នេះបើប្រជាពលរដ្ឋមានបញ្ហាសុខភាពភ្នែកមូល សូមអញ្ជើញមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕