(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសមាគមអ្នករត់ម៉ូតូឌុបខេត្ត រួមជាមួយអនុប្រធានសមាគមជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូន ដែលជាសមាជិកសមាគមអ្នករត់ម៉ូតូឌុបជាង១០០នាក់ នៅស្នាក់ការអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ព្រមទាំងបានចែកជូននូវ សំបកកង់ម៉ូតូថ្មីដោយឥតគិតថ្លៃផងដែរ។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយស្និតស្នាលនោះ លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរដល់បងប្អូន ដែលជាសមាជិកសមាគមអ្នករត់ម៉ូតូឌុបទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានបំពេញភារកិច្ចជាពលរដ្ឋល្អ ដោយបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានគ្រប់ៗគ្នា។

ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណដល់សមាជិកសមាគមអ្នករត់ម៉ូតូទាំងអស់ ដែលបានចូលរួមសហការយ៉ាងជិតស្និតក្នុងការ ការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តបានយ៉ាងល្អប្រសើរ។

លោកបានសំណូមពរឱ្យបងប្អូនសមាជិកសមាគមទាំងអស់ ត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងការផ្តល់ព័ត៌មានមកសមត្ថកិច្ច ទាក់ទងនិងបញ្ហាដែលធ្វើឱ្យកើតមាននូវអសន្តិសុខ ក្នុងខេត្តដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើងជាដើម ដើម្បីឱ្យសមត្ថកិច្ចរបស់ធ្វើការបង្រ្កាបបានទាន់ពេលវេលា។

សូមបញ្ជាក់ថា សមាគមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃបង្កើត រហូតមកដល់ពេលនេះ បានគិតគូរពីផលប្រយោជន៍របស់សមាជិកសមាគមយ៉ាងច្រើនដូចជា៖ ចូលជាសមាជិកសមាគមដោយមិនចាំបាច់បង់ប្រាក់ ពិនិត្យសុខភាព និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ ជួសជុលម៉ូតូដោយឥតគិតថ្លៃ ហើយថ្ងៃនេះចែកសំបកកង់ម៉ូតូមុខក្រោយដោយឥតគិតថ្លៃទៀតផង។

សមាជិកសមាគមគ្រប់ៗរូប មានមោទនភាព និងមានភាពជឿជាក់ក្រៃលែងចំពោះការដឹកនាំរបស់លោក អ៊ុន ចាន់ដា ក៏ដូចជាអនុប្រធានសមាគមទាំងអស់ ហើយសមាជិកសមាគមទាំងអស់បានប្តេជ្ញា សហការយ៉ាងជិតស្និតបំផុតជាមួយអជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែក ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានភាពល្អប្រសើរជារៀងរហូត ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕