(ភ្នំពេញ)៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​នោះ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើសន្និសីតសារព័ត៌មានមួយ ដើម្បីធ្វើការដាក់បង្ហាញមុខក្រុមជនសង្ស័យ​ចំនួន៥នាក់ បន្ទាប់ពីស្រាវជ្រាវបង្ក្រាបបាន ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ២ករណី​ឃាត់ខ្លួនម្នាក់ និងលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហឹង្សា (វាយយកម៉ូតូ) ១ករណីទៀត ឃាត់ខ្លួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន មុនបញ្ជូនទៅកាន់តុលាការ​។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ សុធា សុផានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៥៦ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួននៅបន្ទប់លេខ២០១ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ចំនួន២ករណី នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងលិចផ្លូវសហព័ន្ធរ៉ូស្ស៊ី ស្ថិតក្នុងក្រុម៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ និងប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៦៦អឺអូ ផ្លូវលេខ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែមីថុនា ឆ្នាំ២០១៨ ដោយដកហូតបានវត្ថុតាងមួយចំនួនដូចជា ដាវស្រោមពណ៌ស ប្រវែងមួយម៉ែត្រ ចំនួន១ ស្លាកលេខម៉ូតូសៀមរាប​1F-7927 ចំនួនមួយបន្ទះ សម្ភារប្រើប្រាស់គ្រឿងញៀន (ដបចំនួន១, ដែកកេះចំនួន៣, ក្រដាសអាលុយមីញ៉ូមមួយចំនួន) ស៊ីមកាត Metfone ចំនួន៥៣បន្ទះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់នៅក្នុងរបាយករណ៍ទៀតថា ចំពោះករណីទី៣៖ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ បន្ថែមទៀត ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា (វាយយកម៉ូតូ) នៅចំណុចភោជនីយដ្ឋានសប្បាយសប្បាយ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យទី១៖ឈ្មោះ កែវ ភារុណ ហៅប៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបោះពុម្ព ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទមពុនទី១ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ អ៊ិច ចក្រី ហៅហ្វរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៩B ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៣៖ឈ្មោះ ឆាវ សំអិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនបោះពុម្ព ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៤៖ឈ្មោះ ណុច តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យសេរីមង្គ័លថ្នាក់ទី១០ ស្នាក់នៅភូមិឬស្សីជ្រោយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានជនរងគ្រោះឈ្មោះ សាន ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារអេអន២ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានបាត់បង់សម្ភារមានម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌សលាយក្រហម សេរីឆ្នាំ២០១៤ ឡើងសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ​ភ្នំពេញ​1AS-4917។

ទោះបីយ៉ាងណា បន្ទាប់ពីបង្ហាញមុខក្រុមជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) និងលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា (វាយយកម៉ូតូ) ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីផងដែរ​នៅព្រឹកនេះ៕​