(កំពង់ចាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បត្ដិ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នេះ បានអញ្ជើញបូជាទៀនធូប​ ផ្កាភ្ញី​ ថ្វាយព្រះសម្មាសម្ពុទ្ធ​ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តទុស្សនារាម (ហៅវត្តជ្រោយថ្ម)​ និងវត្តខេមវ័ន បឹងស្នាយ ដែលស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានប្រគេនបច្ច័យផ្ទាល់ខ្លួន ចំនួន​ ៥០,០០០ដុល្លារ​ ដល់វត្តទុស្សនារាម​ សម្រាប់ចូលរួមក្នុងការកសាងពុទ្ធិកសាកលវិទ្យាល័យ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែនផងដែរ។

សូមជម្រាបថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំ មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា​ និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប​ ផ្កាភ្ញី​ ថ្វាយព្រះសម្មាសម្ពុទ្ធ​ និងនាំយកទេយ្យវត្ថុជាច្រើន​ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ឲ្យកាន់តែរីកចម្រើន ៕