(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់អ្នក ដែលកំពុងប្រើប្រាស់ រថយន្ដរបស់អាជ្ញាធរមីនដោយមិនមានការអនុញ្ញាត ម៉ាក NISSAN NAVARA ត្រូវប្រគល់រថយន្ដ និងឯកសារពាក់ព័ន្ធ មកអាជ្ញាធរមីនវិញ យ៉ាងយូរត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ជាកំហិត។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមីន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រថយន្ដ NISSAN NAVARA ដែលមានពាក់ស្លាកលេខ ទី១៖រដ្ឋ០៥ ២-០៣៩៦, ទី២៖រដ្ឋ០៥ ០២-០៣៥៨ និងទី៣៖រដ្ឋ០៥ ០២-០៣៥៩។

អាជ្ញាធរមីនបានសង្កត់ធ្ងន់ថា ផុតកាលកំណត់នេះ អាជ្ញាធរមីននឹងចាត់វិធានការតឹងរឹងជាបន្ដបន្ទាប់ ពុំមានការលើកលែងឡើយ ដោយប្រកាសជាសាធារណៈ តាមសារព័ត៌មាន វិទ្យុ ឬទូរទស្សន៍ដោយបញ្ចេញឈ្មោះ និងតួនាទីបុគ្គលដែលកំពុងប្រើប្រាស់រថយន្ដ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយដាក់បណ្ដឹងទៅ គ្រប់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឲ្យឃាត់រថយន្ដទុក និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្ដឹងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ៕​