(ភ្នំពេញ)៖ ករណីមន្ដ្រីនគរបាលពាក់ស័ក្ដិ៤កន្លះ បម្រើការនៅអគ្គនាយកដ្ឋានភ័ស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ក្នុងបន្ទប់លេខ២០៩ នៃសណ្ឋាគារ និងខារ៉ាអូខេ «កូឡូសូ» ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ គឺបណ្ដាលមកពីមានវិបត្តិផ្ទាល់ខ្លួន។

បើតាមក្រុមគ្រួសាររបស់ជនរងគ្រោះ​ បានឲ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះថា ជនរងគ្រោះឈ្មោះ ម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ ​ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅ ភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ បានចាកចេញពីផ្ទះប្រហែល២-៣ថ្ងៃមកហើយ រហូតដល់កើតករណីបាញ់សម្លាប់ខ្លួនឯងនេះតែម្ដង។

​ជាមួយគ្នានេះ មន្ដ្រីនគរបាលមូលដ្ឋានដែលបានចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាកកា៥៤ និងបាញ់ចំសៀតផ្កាខាងស្តាំ ធ្លាយចេញមកក្រៅបណ្ដាលឲ្យស្លាប់នៅលើគ្រែ។

បើមានមន្ដ្រីនគរបាល ជនរងគ្រោះបានបើកបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារតាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយរូបគេបានហៅសង្សាមកជួបជាលើកចុងក្រោយ លុះរហូតដល់រសៀលថ្ងៃទី០១ ខែសីហាម្សិលមិញ ក៏កើតមានករណីបាញ់សម្លាប់ខ្លួនឯងតែម្ដង ដោយជំហ៊ានដំបូង និងមានការបំភ្លឺពីក្រុមគ្រួសារនោះ សមត្ថកិច្ចជំនាញអាចសន្និដ្ឋានបានថា ជនរងគ្រោះមានវិបត្តិផ្ទាល់ខ្លួន ទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ។

យ៉ាងណាមិញ បើតាមការបំភ្លឺពីបុគ្គលិកខារ៉ាអូខេ ​បន្ទាប់បើកបន្ទប់ចូលស្នាក់នៅ គេ​មិនឃើញជនរងគ្រោះចេញមករកបាយទឹកនោះទេ ទើបបុគ្គលិកក៏បានឡើងទៅគោះទ្វារបន្ទប់យ៉ាងយូរ នៅតែមិនបើកទ្វារ ក៏សម្រេចចិត្តគាស់គន្លឹះទ្វារតែម្តង ភ្លាមៗនោះក៏ប្រទះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់មិនដឹងស្លាប់តាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ច ដើម្បីចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង៕