(សិង្ហបុរី)៖ ក្នុងឱកាសជួបពិភាក្សា​គ្នានៅឯប្រទេសសិង្ហបុរី​ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋមន្រ្តីការបរទេស​ចិន លោក វ៉ាង យី បានថ្លែងទៅ​កាន់​រដ្ឋមន្រ្តី​ការបរទេសកម្ពុជា លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា «បរទេស​មិនគួរ​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់កម្ពុជាឡើយ» បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​​នៅ​ប្រទេសកម្ពុជា ទើបតែបាន​បញ្ចប់ទៅយ៉ាងរលូន នៅ​ចំពោះមុខការរិះគន់​​ពី​​ប្រទេស​មួយ​ចំនួន​ ដែលចោទប្រកាន់​​ថា វាបានប្រព្រឹត្តទៅដោយ​គ្មានសេរីភាព និងយុត្តិធម៌។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី​​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

នៅក្រោយជំនួប​​រវាងរដ្ឋមន្រ្តីទាំងពីរ នៅក្រៅ​វេទិកាកិច្ច​ប្រជុំអាស៊ានមួយ ដែលប្រព្រឹត្តទៅក្នុង​ប្រទេសសិង្ហបុរី ​ក្រ​សួង​ការ​បរទេស​ចិន ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា ប្រមុខការទូត ​និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ​ក៏បានផ្តល់ការ​អបអរសាទរ​​ផងដែរ ចំពោះ​​​ការបោះឆ្នោត​នៅកម្ពុជា ដែលបានដំណើរការ​ទៅយ៉ាងរលូនបំផុត​​។​ នាឱកាស​នោះ​លោក វ៉ាង បានលើកឡើងថា លទ្ធផលនៃការ​បោះ​ឆ្នោត​ បានសបញ្ជាក់ឲ្យឃើញ​យ៉ាងច្បាស់ ពីការ​គាំទ្រជឿទុក​ចិត្ត​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការដឹកនាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

ចំណែកលោក ប្រាក់ សុខុន វិញបានលើកឡើងថា ការបោះឆ្នោត​​​កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ បានប្រព្រឹត្តទៅដោយ​​មាន​សណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព ហើយ​​ប្រជាជនកម្ពុជា បានបោះឆ្នោត​ឲ្យ​សុខសន្តិភាព​ស្ថិរភាព និងការអភិវឌ្ឍជាតិ។ ជាមួយ​​គ្នា​​នេះ​​លោក វ៉ាង ​ក៏បានបន្តថា ចិននឹងនៅតែបន្ត​ផ្តល់ការជួយជ្រោមជ្រែង​ថែមទៀតដល់កម្ពុជា ដើម្បីថែរក្សា​​​​​​​​ស្ថិរភាព​​​​​​​​​​​​​​​​​​និងអភិវឌ្ឍន៍​​​ត​ទៅមុខ​ទៀត៕