(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅការិយាល័យសាលាបឋមសិក្សាក្រុងព្រះសីហនុ ក្រុងស្វាយរៀងរួចហើយ ក្នុងនោះក៏មានថ្នាក់នាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមការឲ្យដឹង ពីមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានឲ្យដឹងថា នៅខេត្តស្វាយរៀង មាន៨០ឃុំ-សង្កាត់ មាន៩២៦ការិយាល័យ សម្រាប់បំរើការបោះឆ្នោត និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៣៥២,០៦១នាក់ មាន៥អាសនៈ និងមានគណបក្សនយោបាយចំនួន១៤ រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា ទី២៖ គណបក្សយុវជនកម្ពុជា ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទី៤៖ គណបក្សខ្មែររួបរួមជាតិ ទី៥៖ គណបក្សសញ្ជាតិកម្ពុជា ទី៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧៖ គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ទី៨៖ គណបក្សខ្មែរឈប់ក្រ ទី៩៖ គណបក្សខ្មែរតែមួយ ទី១០៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទី១១៖ គណបក្សមាតុភូមិយើង ទី១២៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៣៖ គណបក្សឆន្ទះខ្មែរ ទី១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យ ដែលបានដាក់ពាក្យ ឈរឈ្មោះបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨នេះ។

សម្រាប់អ្នកសង្កេតការណ៍ជាតិមាន៣,១៦៧នាក់ និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ២,៧៥៩នាក់ ក្នុងនោះពេញសិទ្ធិ១,៨១៦នាក់ បម្រុង៩៤៣នាក់។ ចំណែកការងារសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ នៅក្នុងថ្ងៃបោះឆ្នោតពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គឺមានសន្តិសុខល្អប្រសើរ ដោយមានកម្លាំងសមត្ថកិច្ចការពារសុវត្ថិភាព គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ក្នុងខេត្តស្វាយរៀង៕