(ភ្នំពេញ)៖ តាមរយៈអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុននឹងបើកការសិក្សាលើគម្រោងអភិរក្សសត្វព្រៃ និងជីវចម្រុះក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប របស់រាជបណ្ឌិត្យសភា ដែលមានទំហំទឹកប្រាក់តាមការសិក្សារហូតដល់១ពាន់លានដុល្លារអាមេរិក។

គម្រោងនេះពិសេសអភិរក្សទៅលើសត្វព្រៃដែលស្ទើរតែដាច់ពូជ ដូចជា​ខ្លា ដំរី ផ្សោត ឱ្យមានស្ថិរភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញ។

អនុស្សរណៈនៃការយោគយល់គ្នាដើម្បីសិក្សាគម្រោងអភិរក្សសត្វព្រៃនេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោកបណ្ឌិត KINOSHITA SHUREI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nature Safari Co.Ltd នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក KINOSHITA SHUREI បានបង្ហាញពីគោលបំណងនៃអនុស្សរណៈនេះថា គឺដើម្បីបញ្ឈប់ការបាត់បង់ធនធានធម្មជាតិ ​ហើយអភិរក្សធនធានទាំងអស់នោះ ឱ្យមានស្ថិរភាពឡើងវិញ ​ពិសេសការអភិរក្សសត្វព្រៃដែលស្ទើរតែដាច់ពូជ មានដូចជា សត្វខ្លា សត្វដំរី ត្រីដូហ្វីន (ផ្សោតទឹកសាប) ដែលមានក្នុង​ប្រទេស​កម្ពុជា។

លោក KINOSHITA SHUREI បានបង្ហាញចំណុចសំខាន់ទាក់ទង​នឹងគម្រោងមេថា ភាគីទាំងពីរ​នឹង​រៀបចំឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ទៅជាឧទ្យានមួយដែលមានលក្ខណៈទាក់ទាញដូច​ឧទ្យាននៅអាហ្រ្វិក ហើយលោកនឹងនាំយកបច្ចេកវិទ្យាទំនើបៗ មកពីប្រទេស​ជប៉ុន ទៅអនុវត្តនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះរីកចម្រើន។

លោក KINOSHITA SHUREI បានបញ្ជាក់ទៀតថា ទំហំទឹកប្រាក់នៃគម្រោងដែលនឹងត្រូវសិក្សានោះមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក។

លោក សុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា ​នឹងបង្កើតជាសារៈមន្ទីរមួយនៅទីនោះ​ ពីព្រោះមានវត្ថុជាច្រើន​នៅឧទ្យាននោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងព្យាយាមការពារនូវសត្វព្រៃនៅទីនោះ​ និង​បង្កើតជាមជ្ឈមណ្ឌលនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះកាន់តែមានភាពទាក់ទាញ។

លោកបន្តថា កន្លងមកមានដៃគូជាច្រើនបានមកចាប់ដៃជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជាបានបដិសេធ ដោយសារដៃគូ​ទាំងនោះ​ ផ្ដោតលើជំនួញធំជាង​ការអភិរក្ស ប៉ុន្តែចំពោះក្រុមហ៊ុន Nature Safari Co.Ltd របស់ជប៉ុនមួយនេះឃើញថា​ ផ្តោតលើការអភិរក្សសត្វព្រៃច្រើនជាង។

រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកសត្វកម្រ​នានា ដូចជាត្រីដូហ្វីន ឬត្រី​ផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ​មួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា​ចង់រៀបចំនៅទីនោះឱ្យ​ទៅជា ដូហ្វីន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរកសត្វខ្លាដែលជិតផុតពូជ និង​ដំរីយកទៅអភិរក្សនៅតំបន់នេះ​ ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសប្រាប់ពិភពលោកថា គ្រប់ជាតិសាសន៍​អាចមកទស្សនានូវអ្វីដែលជាសត្វកម្រស្ទើរតែផុតពូជ នៅឧទ្យានតេជោសែនឫស្សីត្រឹបនេះ។ ដូចនេះត្រូវបណ្តុះបណ្តាធនធានមនុស្ស ផ្នែកខាងឧទ្យាននុរក្ស​ ពេទ្យសត្វ ដើម្បីឱ្យថែរក្សាសត្វនៅទីនោះ។

លោក សុខ ទូច បានបន្ថែមថា សម្រាប់អនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឱ្យប្រជាពលរដ្ឋចិញ្ចឹមគោយកទឹកដោះ ដែលនេះគឺទាមទារ​ឱ្យរាជបណ្ឌិតត្រូវរៀបចំមុន​ ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើទៅបរាជ័យ ទើបរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរនាទីចងក្រង​ឯកសារ ហើយបើប្រជាពលរដ្ឋមិនចេះអាន រាជបណ្ឌិត្យសភាកម្ពុជា​នឹងរៀបចំជាវីដេអូខ្លីៗ ដើម្បី​ឱ្យពួកគាត់មើល​ និង​អនុវត្តតាម អនុវត្តហើយគាត់លក់ទឹកដោះគោមកឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុននឹងទិញទឹកដោះគោនេះ។

មួយវិញទៀត បើគាត់ចង់ចឹញ្ចឹមគោ រាជបណ្ឌិត្យសភាកម្ពុជាអាចឱ្យគោទៅពួកគាត់ ដោយ​កាត់យកទឹកដោះគោឱ្យរួចនឹង​តម្លៃគោនោះ ដែលនេះគឺធ្វើឱ្យកសិករមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ​ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំឱ្យពួកកាត់ចិញ្ចឹតាមបែបវិទ្យាសាស្ត្រ​ លែងឱ្យពួកគាត់ចិញ្ចឹមតាមបែបសភាវគតិទៀតហើយ​។

លោក សុខ ទូច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ទឹកប្រាក់រហូតដល់១ពាន់លានដុល្លារនេះគ្រាន់តែជាតម្លៃនៃការសិក្សា លើគម្រោងអភិរក្សសត្វព្រៃតែប៉ុណ្ណោះ ជប៉ុនមិនទាន់បានទម្លាក់ថវិកា១ដុល្លារនៅឡើយនោះទេ វាគ្រាន់តែការចុះហត្ថលេខាដើម្បីសិក្សាលើគម្រោងតែប៉ុណ្ណោះ៕