(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានផ្ញើសាររំលែកទុក្ខជូន លោក ឡេត សៃញ្ញាផង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអត្តពឺ និងលោក​បណ្ឌិត ប៊ុន ថងឌីវិសៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោយបាក់ទំបន់វារីអគ្គិសនី សេពាន សេណាំណយ ដែលបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតមនុស្ស និងសត្វនៅក្នុងខេត្តចម្ប៉ាសាក់។

ក្នុងសាររំលែកទុក្ខដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ថង សាវុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាមនុស្សជាតិដូចគ្នា និងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តម ព្រមទាំងប្រជាជនខេត្តចម៉្បាសាក់ទាំងមូល ពិសេសក្រុមគ្រួសារនៃសព ដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដែលកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់សោកសង្រែងនេះ»

សូមជម្រាបថា ទំនប់វារីអគ្គិសនី សេពាន សេណាំណាយ ដែលស្ថិតក្នុងខេត្តអត្តពឺ ប្រទេសឡាវ បានបាក់នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្ស និងបាត់ខ្លួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ​​។ ដោយឡែក ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ក៏ទទួលរងគ្រោះដោយសារទឹកជំនន់នេះផងដែរ៕​