(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល៦ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសរប​ស់ក្រសួងការបរទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។ វត្តមានរបស់ប្រមុខការទូតកម្ពុជា នៅប្រទេសសិង្ហបុរីពេលនេះ ធ្វើតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគ្រីស្សណាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី

អំឡុងពេលនៅសិង្ហបុរី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រំពឹងថា នឹងចូលរួមកិច្ចប្រជុំមួយចំនួន ដូចខាងក្រោម៖
* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី១៩
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៨ និង
* វេទិកាតំបន់អាស៊ានលើកទី២៥ ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន» នឹងឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុះមុតរបស់អាស៊ាន ក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ាន និងបន្តស្ថិតនៅជាអង្គការតំបន់គួរឱ្យទុកចិត្តនៅក្នុងការថែរក្សា និងលើកស្ទួយសន្តិភាព ស្ថេរភាព និងវិបុលភាព។

គួរកត់សម្គាល់ថា ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស បូកសាធារណរដ្ឋកូរ៉េ» ជាមួយ លោកជំទាវ កាង ឃ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចខាងក្រោម ៖
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម និង
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរី។ បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ៕