(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មារិនី ដែលរស់ និងធ្វើការនៅរាជធានីភ្នំពេញ តែមានឈ្មោះបោះឆ្នោតនៅឯស្រុកកំណើតនោះ បាននាំគ្នាសម្រុកចេញ តាំងពីថ្ងៃម្សិលមិញ រហូតមកដល់ម៉ោង ជិត១២រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។

នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ចំពោះការសម្រុកចាកចេញពីរាជធានីភ្នំពេញ នៅកាន់ស្រុកកំណើត ខាងលើនេះ លោកបានបញ្ជាឲ្យនគរបាលចរាចរណ៍ សហការជាមួយ នគរបាលតាមបណ្ដាខណ្ឌ ជាប់ផ្លូវជាតិដែលបងប្អូនត្រូវចាកចេញនោះ សម្រួលចរាចរណ៍ និងអំពាវនាវឲ្យពួកគាត់គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទាំងអស់គ្នា។

នាយឧត្ដមសេនីយ៍ បានថ្លែងថា «ដូចយើងដឹងស្រាប់ហើយ បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីខ្លះ មានឈ្មោះបោះឆ្នោតនៅស្រុកកំណើត និងដើម្បីចង់ជួបជុំគ្រួសារ ឪពុក ម្ដាយ បងប្អូន ដែលជាទំនៀមទំលាប់កន្លងមកនោះ ទើបពួកគាត់បាននាំគ្នាចាកចេញ ស្របពេលដែលរាជរដ្ឋាភិបាល បានឲ្យសម្រាករយៈពេល៣ថ្ងៃ។

ដោយឡែកលោក ឯក សារ៉ន អធិការរងនគរបាលចរាចរណ៍ ខណ្ឌច្បារអំពៅ ដែលដឺកនាំកម្លាំងបញ្ជាចរាចរណ៍ នៅគុលស្ពានច្បារអំពៅ តាមបណ្ដោលផ្លូវជាតិលេខ១ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅនៅខាងខេត្ដស្វាយរៀង ព្រៃវែង ដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ គឺពួកគាត់បានសម្រុកចេញតាំងពីម៉ោង៣រសៀលម្សិលមិញ រហូតដល់ជិតថ្ងៃត្រង់នៅតែបន្ដសម្រុកចេញនៅឡើយ។

ជួបសម្ភាសន៍ ជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រជាពលរដ្ឋដែលកំពុងអង្គុយក្នុងរថយន្ដឈ្នួល បាននិយាយដូចៗគ្នាថា ពួកគាត់បានឈប់សម្រាក៣ថ្ងៃ គឺចាកចេញទៅស្រុកកំណើត ដើម្បចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។់

ស្រ្តីឈ្មោះ គឹម រីណា ដែលបម្រើការងារនៅរោងចក្រ QMI និងមានស្រុកកំណើតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប៉ុន្តែឥឡូវមានឈ្មោះបោះឆ្នោតនៅភ្នំពេញ ក៏បានឲ្យដឹងផងដែរ កម្មករ-កម្មការិនីសឹងតែទាំងអស់ បាននាំគ្នាទៅស្រុកអស់ហើយ ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែកនេះ ហើយម្យ៉ាងទៀត បានឈប់សម្រាក៣ថ្ងៃផងនោះ។ នៅតាមផ្ទះជួលជិតរោងចក្រវិញ ឲ្យឡើងស្ងាត់ជ្រាប ម្នាក់ៗចេញទៅផ្ទះនៅឯស្រុកអស់ហើយ៕