(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានឲ្យដឹងថា​​ សហរដ្ឋអាមេរិក​កំពុងគិតគូរបញ្ជូន​​​មន្រ្តី​យោធា​​​ទៅ​កាន់​​ប្រទេស​កូរ៉េខាងជើង ដើម្បីធ្វើការរុករក​នូវអដិ្ឋធាតុថែម​ទៀត នៃពលទាហាន​​អាមេរិក ដែលបាន​ពលីជីវិត កាលពីសម័យសង្រ្គាម​​កូរ៉េ​ឆ្នាំ​​១៩៥០-១៩៥៣។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។

កាលពីថ្ងៃសុក្រម្សិលមិញនេះ​សេតវិមានបានឲ្យដឹងថា យន្តហោះយោធា​​មួយគ្រឿង​របស់ខ្លួន បាននាំយកអដិ្ឋធាតុរបស់​កងទ័ពអាមេរិក ពី​កូរ៉េ​ខាងជើង​មកវិញហើយ ខណៈអដិ្ឋធាតុទាំង​ស្រុង ត្រូវបានបញ្ជូន​ទៅកាន់​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Osan នៅលើទឹកដីប្រទេស​​កូរ៉េ​ខាងត្បូង ជាទីដែលពិធី​ធ្វើមាតុភូមិនិវត្តន៍​​ផ្លូវការ នឹងត្រូវប្រាព្ធ​ឡើងនៅ​ថ្ងៃទី០១ ខែសីហា​ខាងមុខនេះ។

គួរជម្រាបថា ​បើតាមការបញ្ជាក់​ពី​អនុប្រធានាធិបតី​អាមេរិក លោក Mike Pence រូបលោកនឹងធ្វើដំណើរ​ទៅកាន់​កោះហាវ៉ៃ ដើម្បី​ទទួល​អដ្ឋិធាតុនៃ​កងទ័ពអាមេរិក​ទាំងនោះ៕