(ភ្នំពេញ)៖ ល្បិចកលទុច្ចរិតរាប់ជំពូករបស់ទណ្ឌិត សម រង្ស៊ី និងក្រុមក្បត់ជាតិ របស់ខ្លួននឹងមិនបញ្ចប់ត្រឹមយុទ្ធនាការម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង ដើម្បីបំផ្លាញការបោះឆ្នោតឡើយ។

នៅរាត្រីថ្ងៃទី២៦ ខែកក្កដា សម រង្ស៊ី បានចេញសេចក្តីអំពាវនាវមួយដែលគួរឱ្យកត់សម្គាល់ គឺការកែប្រែនូវយុទ្ធសាស្ត្ររបស់ខ្លួនពី «ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង»វិញ។ ការកែប្រែយុទ្ធសាស្ត្រក្នុងវិនាទីចុងក្រោយនេះក៏ព្រោះតែ សម រង្ស៊ី ត្រូវត្រៀមអនុវត្តផែនការជំហានទី២ ក្នុងការបំផ្លាញកម្ពុជាក្រោយការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ទៀត។

អតីតមន្ត្រីជាន់ខ្ពស់ខ្មោចបក្សសង្គ្រោះជាតិ បានលួចបង្ហើបឱ្យដឹងថា គោលដៅសំខាន់នៃការផ្លាស់ប្តូរជំហានយុទ្ធសាស្ត្រនេះ ក៏ដើម្បីបន្តអនុវត្តផែនការ ប្រើប្រាស់អំណាចប្រជាជន ញុះញង់ពលរដ្ឋខ្មែរឱ្យងើបបះបោរតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ស្របតាមផែនការ បដិវត្តន៍ពណ៌ដែលពួកគេបាន រៀបចំទុកជាយូរមកហើយ។

អតីតមន្ត្រីខ្មោចបក្សសង្គ្រោះជាតិ បានឱ្យចៅចាក់ស្មុកដឹងពីផែនការសម្ងាត់មួយចំនួនដែលពោរពេញដោយពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ហើយគេអាចមើលឃើញពីការផ្លាស់ប្តូរនូវយុទ្ធសាស្ត្រនេះ ដូចខាងក្រោម៖

ទី១)៖ មើលឃើញបរាជ័យនៃយុទ្ធនាការម្រាមដៃស្អាត៖ សម រង្ស៊ី បានដឹងយ៉ាងច្បាស់ថា យុទ្ធនាការដែលខ្លួនផ្តួចផ្តើមឡើងដើម្បីបំផ្លាញការបោះឆ្នោតដោយអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោតនឹងមិនទទួលជោគជ័យឡើយព្រោះ ទី១) ជាការប្រឆាំងនឹងមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហាមឃាត់មិនឱ្យមានការ រារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ មាត្រានេះ បានធ្វើឱ្យអ្នកចូលរួមយុទ្ធនាការ ខ្លាចរអារនឹងការផាកពិន័យប្រាក់ ដ៏ច្រើនព្រោះថា ខ្លួនគ្មានប្រាក់ គ្រប់គ្រាន់នឹងចិញ្ចឹមក្រុមគ្រួសារផង ចុះមានប្រាក់មកពីណាបង់ថ្លៃពិន័យលើការគាំទ្រយុទ្ធនាការខុសច្បាប់របស់សម រង្ស៊ី? ទី២)៖ ប្រជាពលរដ្ឋខ្មែរភាគច្រើននឹង មិនជឿដោយងាយៗលើការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ក្រៅច្បាប់ទៀតឡើយ។

ម្យ៉ាងអ្នកដែលញុះញង់សុទ្ធតែនៅក្រៅប្រទេសទាំងអស់ ចំណែកអ្នកដែលត្រូវប្រឈមនឹងមុខ ច្បាប់គឺជាមនុស្សនៅក្នុងស្រុក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តន្ទាទោស និងពិន័យជាប្រាក់លើសកម្មជនអតីតបក្សសង្គ្រោះជាតិចំនួន៥រូប ក្នុងខេត្តបាត់ដំបងក្នុងទឹកប្រាក់ ម្នាក់ៗ១០លានរៀល ចំពោះបទល្មើសដែលរារាំងពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។

អ្នកដែលរងគ្រោះមិនមែនអ្នកញុះញង់នៅក្រៅប្រទេសទេ គឺអ្នកបន្ទរតាម នៅក្នុងប្រទេស។ នេះគឺជា មេរៀនសម្រាប់អ្នកផ្សេងទៀត ដែលស៊ីជោរតាមការញុះញង់របស់ក្រុមក្បត់ជាតិ សម រង្ស៊ី ប៉ុន្តែអ្នកដែលត្រូវប្រឈមមុខនឹងច្បាប់និងការរកប្រាក់បង់ពិន័យ គឺខ្លួនឯងផ្ទាល់មិនមែនសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬកឹម មនោវិទ្យា ជាអ្នកចេញជំនួសឡើយ។

ចំណុចនេះបានធ្វើឱ្យគេមើលឃើញថា យុទ្ធនាការ នេះ មិនមានឥទ្ធិពលសម្រាប់ពលរដ្ឋខ្មែរផ្សេងទៀត ឡើយគឺមានតែក្នុងចំណោម សកម្មជនងប់ងុ របស់ខ្លួនមួយចំនួនតូចតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏នឹងបន្តចាត់វិធានការច្បាប់ចំពោះជន ទាំងឡាយណាដែលរារាំង ប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគាត់ដែរតាមរយៈការរៀបចំពិធីផ្សេងៗដែលមានភាពមិន ប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោត។

ម្យ៉ាងទៀត សម រង្ស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយសារតែបរាជ័យម្តងហើយ ម្តងទៀតក្នុងការសង្គ្រោះ បក្សខ្មោច និងការព្យារពេលការបោះឆ្នោត។ ហើយបើយោងតាមការវាយតម្លៃបឋម ពលរដ្ឋខ្មែរមិនតិចជាង ៧០% ទេ ដែលនឹងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ព្រោះពួកគេខ្លាចជាន់ដានចោរ។ ដូច្នេះមានតែកែប្រែយុទ្ធសាស្ត្រជាជាងរង់ចាំស្លាប់។  

ទី២)៖ ប្តូរពី «ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីធ្វើវិសុទ្ធកម្មសមាជិកដែលស្មោះត្រង់នឹងខ្លួន៖ ដោយមិនអាចទប់ចរន្តពលរដ្ឋទៅ បោះឆ្នោតបាន ទណ្ឌិត សម រង្ស៊ី ត្រូវសម្រេចកែប្រែយុទ្ធសាស្ត្រ ដោយមិននិយាយថាមិនទៅបោះឆ្នោតនឹងទទួលបានជ័យជម្នះនោះទេ តែការប្តូរមកជា «ដេកផ្ទះឈ្នះខ្លួនឯង»នេះដើម្បីទប់ភាពអាម៉ាស់របស់ខ្លួន ដែលមិនអាចទទួលបានជោគជ័យក្នុងការរារាំងប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោតបាន ក៏ដូចជាដើម្បីដឹងថា តើនឹងមាន ប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ ដែលជឿលើល្បិចសាច់កម្ម របស់ខ្លួន និងលង់តាមការបោកប្រាស់ ហើយមិនទៅបោះឆ្នោតតាមការអំពាវនាវ របស់ខ្លួន។

អ្នកដែលមិនទៅ បោះឆ្នោតឬមិនមានចង្អុលដៃជ្រលក់ទឹកថ្នាំខ្មៅនេះនឹងត្រូវបាន សម រង្ស៊ី និងក្រុមអ្នកនយោបាយ ក្រៅច្បាប់បញ្ជោរថាជាអ្នកស្នេហាជាតិពិតប្រាកដ និងជាអ្នកដែលបានឈ្នះលើចិត្តខ្លួនឯង ឈ្នះដោយជាន់ឈ្លីលើសិទ្ធិ និងតួនាទីភារកិច្ចជាពលរដ្ឋរបស់ខ្លួន។

បន្ទាប់មក សម រង្ស៊ី និងក្រុមខ្លួននឹងបន្តញុះញង់បន្ថែម បញ្ឆេះកំហឹងដោយយកបញ្ហានានា នៅក្នុងការបោះឆ្នោតមកដុតរោលក្នុងចិត្តពលរដ្ឋទាំងនោះ ឱ្យពុះកញ្ជ្រោលជាពិសេសលាបពណ៌ថា ការបោះឆ្នោត ដែលគ្មានខ្មោចគណបក្សប្រឆាំងគឺជាការបោះឆ្នោតក្លែងក្លាយ មិនសេរី និងយុត្តិធម៌។ ទាំងអស់នេះជាលេសដដែលៗ ងាយនឹង សម រង្ស៊ី យកទៅពង្វក់ពលរដ្ឋ និងឈានដល់ការអនុវត្តផែនការជំហានទី២ ដែលខ្លួនត្រៀមធ្វើនៅក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ ក្រោយពីរកបានអ្នកស្មោះត្រង់ហើយ សម រង្ស៊ី នឹងប្រើប្រាស់ប្រជាពលរដ្ឋដែលស្មោះត្រង់នឹងខ្លួនទាំងនោះដើម្បីបញ្ឆេះការតវ៉ាឬបះបោរណាមួយក្រោមផែនការរបស់ពួកគេ។

 ផែនការដែលពួកគេគ្រោងនឹងធ្វើគឺការផ្តួលរំលំរបបដឹកនាំតាមបែបបដិវត្តន៍ពណ៌ដូចដែលពួកគេបានប្រកាសពីឆ្នាំ ២០១៣ ថា ឆ្នាំ ២០១៨ គឺជាពេលវេលា ចុងក្រោយ ប៉ុន្តែទេវតាបានជួយ ជាតិ និងប្រជាជនកម្ពុជាមែន និងបានដឹងពីផែនការក្បត់ជាតិ ហើយអង្គការចាត់តាំងបដិវត្តន៍ ពណ៌ត្រូវបានរំលាយចោលតាមច្បាប់។

៣)៖ យុទ្ធសាស្ត្រចាញ់ចាញ់៖ ក្នុងយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួននៅពេលនេះ សម រង្ស៊ី រំពឹងថានឹងទទួលបានការគាំទ្រពី អន្តរជាតិច្រើនដើម្បីថ្កោលទោសការបោះឆ្នោត និង រាជរដ្ឋាភិបាលថ្មីក្រោមលេសអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅពេលនោះ សម រង្ស៊ី គ្រោងនឹងប្រើប្រាស់ការបះបោរពីខាងក្នុងផង និងសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីខាងក្រៅផងដើម្បីខ្ទប់ដង្ហើមកម្ពុជា ហើយខ្លួន ជឿថា នឹងធ្វើឱ្យរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនស្លាប់។ ប៉ុន្តែនេះគ្រាន់តែ ជាក្តីស្រម៉ៃរបស់សម រង្ស៊ី និងគូកនដែលកំពុងតែស្ថិតក្នុងភាពអស់សង្ឃឹមតែប៉ុណ្ណោះ។ ពួកគេបានវាយ តំលៃស្ថានការណ៍កម្ពុជាខុសម្តង ហើយម្តងទៀត និងជឿ ងប់ជ្រុលដាក់ក្តីសង្ឃឹមខ្លាំងពេកលើចៅហ្វាយនាយបរទេស របស់ពួកគេថាអាចនឹងបំពេញមហិច្ឆតាសងសឹករបស់ពួកគេបាន។ ប៉ុន្តែពួកគេភ្លេចគិតថា កម្ពុជានៅឆ្នាំ១៩៧៩ និងកម្ពុជាឆ្នាំ ២០១៨ គឺមានភាពខុសគ្នាឆ្ងាយណាស់។

កម្ពុជានៅឆ្នាំ ១៩៧៩ដែលទើបងើបរួចរស់ជីវិត រងគ្រោះដោយរបបខ្មែរក្រ ហម ត្រូវបានបស្ទិមប្រទេសដាក់ សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច គឺមិនស្លាប់ឡើយ ប៉ុន្តែបានឈរជើងយ៉ាងរឹងមាំជាភាគី ដែលគ្រប់គ្រងដែនដីធំជាងគេនៅកម្ពុជា និងជាដៃគូចរចារដ៏មានប្រៀបបំផុត។ ចុះទម្រាំនៅឆ្នាំ ២០១៨ នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧%ជារៀងរាល់ឆ្នាំ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដំណើរគ្រប់គ្រងប្រទេសបាន និងមានឯករាជភាព អធិបតេយ្យភាពពេញលេញ មានកម្លាំងប្រដាប់អាវុធតែមួយ មានរដ្ឋាភិបាលតែមួយ មានការ នាំចេញនូវផលិតផលទៅក្រៅប្រទេសជាច្រើន តើកម្ពុជានៅខ្លាចអ្វីទៀត? នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា បោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ចំណែកអ្នកមិនទៅបោះឆ្នោត តាមការ ញុះញង់របស់ក្រុមក្បត់ជាតិ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ទោះជាខំផ្លាស់ប្តូរយុទ្ធសាស្ត្រផែនការយ៉ាងណាក៏ដោយ ទង្វើទាំងអស់ដែលក្រុមប្រឆាំងបាន និងកំពុងធ្វើជាទង្វើក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ។ ក្រុមប្រឆាំងក្រៅច្បាប់ នឹងមិនអាចទទួលបានជោគជ័យឡើយព្រោះពួកគេបានគិតខុស និងដើរ យុទ្ធសាស្ត្រ ចាញ់-ចាញ់ គ្រប់កាលៈទេសៈ។ កាលដែលពួកគេប្រព្រឹត្តទង្វើក្បត់ជាតិកាន់តែច្រើន ពួកគេនឹងវ័ណ្ឌកកាន់តែខ្លាំងនៅក្នុងសំណាញ់ច្បាប់បន្ថែមទៀត៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៨