(តាកែវ)៖ លោក សុខ សូកាន បេក្ខជនតំណាងរាស្ដ្រមណ្ឌលតាកែវ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ នៅពេញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាង៣,៥០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទបញ្ចប់យុទ្ធនាការរយៈពេល២១ថ្ងៃ ដែលកំណត់ដោយ គ.ជ.ប។

យុទ្ធនាការឃោសនានៅថ្ងៃបញ្ចប់នេះ ក៏មានការចូលរួមពី ​លោក លោកស្រី ជាអនុប្រធាន សមាជិក សមា​ជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ និងសមាជិកក្រុមការ​ងារថ្នាក់កណ្តាល ចុះជួយឃុំទាំង១២ នៃស្រុកគិរីវង់ ព្រមទាំងលោកប្រធានគណៈកម្មាធិការគណបក្សស្រុកគិរីវង់។

ការហែក្បួនឃោសនា បានធ្វើដំណើរឆ្លងកាត់តាមស្ទើរតែគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់ ដោយទទួលបានការឈរស្វាគមន៍ អបអរសាទរ ក្បួនឃោសនាយ៉ាងកក់ក្តៅជាទីបំផុតតាមដងផ្លូវ ពីសំណាក់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមភូមិនីមួយៗសរុបជាង១ម៉ឺននាក់ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់​ទាក់ និងភាពស្និទ្ធស្នាលបំផុត ដែលជាការបង្ហាញពីមហាសាមគ្គីភាព ការស្រលាញ់គាំទ្រ និងការជឿជាក់មក​លើគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ លោក សុខ សូកាន បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងឃុំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងកន្លងមក ហើយក៏សូមអរគុណ និងថ្លែងនូវការកោតសរសើរដោយស្មោះ ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋានស្រុកគិរីវង់ គ្រប់លំដាប់ថ្នាក់ ចាប់តាំងពីប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សឃុំ និង​ស្រុក ព្រមទាំងសមាជិក សមាជិកា​ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលបក្សបានប្រគល់ជូនពេញមួយអាណត្តិ។

លោក សុខ សូកាន បានថ្លែងបន្តថា ក្នុងអំឡុងរយៈពេល​២១​ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់គ្រប់ជាន់ថ្នាក់ គឺបានធ្វើសកម្មភាពយ៉ាងផុលផុស និងជោគជ័យបំផុតនៅមូលដ្ឋានភូមិ ឃុំ​ទាំងអស់ទូទាំងស្រុក ហើយថាសភាពការ​ទូទៅក្នុងស្រុកគិរីវង់ គឺមានភាពប្រក្រតីល្អណាស់ មិនមានកើតអំពើហិង្សា ឬការឈ្លោះទាស់ទែងគ្នាណាមួយ រវាងគណបក្សនយោបាយនោះទេ គឺមានការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា​ និងនីតិវិធីនៃការបោះឆ្នោត។

លោកបានសង្កត់ធ្ងន់ថា ការជួបជុំជាលក្ខណៈមហាគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ក្នុងឱកាសហែរក្បួន​បើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺជាការឆ្លុះបញ្ជាំងពី៖ ឧត្តមភាព និងប្រៀបឈ្នះរបស់គណបក្ស, ស្មារតីសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ រវាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់, ភក្តីភាពឥតងាករេរបស់សមាជិក សមាជិកា ស្រុកគិរីវង់​ទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា និងជាពិសេស គឺការរួមគ្នាតែមួយដើម្បីបន្តរក្សាកេរ្តិ៍ឈ្មោះ ស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណ​បក្សប្រជាជនកម្ពុជា ដែលជាមរតស្នាដៃដ៏ថ្លៃថ្លារបស់​សម្តេចវិបុលបញ្ញា សុខ អាន។
 
លោក​រួមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់​ទាំងអស់ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រ សម្តេច​តេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃ​កម្ពុជា សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍ត​ឈ្មោះ​​ស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា៕