(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនផលិតទឹកថ្នាំខ្មៅដែលបម្រើសម្រាប់ការបោះឆ្នោតនៅកម្ពុជា បានចេញមកអះអាងពីគុណភាពទឹកថ្នាំរបស់ខ្លួន ដោយមិនប៉ះពាល់សុខភាព និងលុបលាងមិនជ្រះនោះឡើយ។ ជាពិសេសទឹកថ្នាំនេះ មិនមែនប្រើតែនៅប្រទេសកម្ពុជានោះទេ វាបានប្រើសម្រាប់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀតនៅលើពិភពលោក។

ក្នុងសន្និសីទព័ត៌មានបញ្ជាក់ពីគុណភាពថ្នាំរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក DODDAMANI CHANDRASHEKHAR អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LIMITED ដែលជាក្រុមហ៊ុនចែកចាយទឹកថ្នាំខ្មៅនេះ បានរៀបរាប់ថា ក្រុមហ៊ុនផលិតទឹកថ្នាំខ្មៅនេះ ត្រូវបានបង្កើតឡើងនៅ១៩៣៧ ដោយព្រះមហាក្សត្រឥណ្ឌា ហើយនៅឆ្នាំ១៩៦២ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាថ្មីសម្រាប់ផលិតទឹកថ្នាំបម្រើការបោះឆ្នោត ដោយឆ្លងកាត់មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ជាតិរបស់ឥណ្ឌា ដែលជាមន្ទីរពិសោធន៍ទទួលស្គាល់គុណភាពយ៉ាងត្រឹមត្រូវ។

លោក DODDAMANI CHANDRASHEKHAR បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៦២មក ក្រុមហ៊ុនបានផលិតទឹកថ្នាំប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា និងបាននាំចេញទៅ ប្រទេសជាង៣០ទៀត មានដូចជា៖ ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង ម៉ាឌីវ ម៉ាដាហ្គាស្កា នេប៉ាល់ និងម៉ូតានជាដើម។

តំណាងក្រុមហ៊ុនចែកចាយទឹកថ្នាំរូបនេះបានបញ្ជាក់ដូច្នេះ «បើនិយាយពីបច្ចេកទេសទឹកថ្នាំនេះ មិនមែនជាទឹកថ្នាំងាយផលិតនោះទេ មានមនុស្សតិចណាស់បានដឹងពីរបៀបផលិត និងបច្ចេកវិទ្យាក្នុងការផលិតវានេះ។ ជាការពិតនៅពេលទឹកថ្នាំហ្នឹងបានផលិតមកហ្នឹង គឺត្រូវមានការឆ្លងកាត់នូវការធ្វើពិសោធន៍ដោយក្រុមហ៊ុនផ្ទាល់ទៅលើគុណភាពវា ដើម្បីធានាថាគុណភាព វាអាចយកទៅប្រើប្រាស់បានអត់? គោលបំណងយើងបង្កើតទឹកថ្នាំនេះឡើងដើម្បីបញ្ជាក់ថា អ្នកបោះឆ្នោតហ្នឹងគាត់បានបោះឆ្នោតរួចហើយ ដោយឲ្យគាត់ជ្រលក់ម្រាបដៃទៅក្នុងទឹកថ្នាំហ្នឹង»។

«ទឹកថ្នាំហ្នឹងវាមិនអាចលុបជ្រះទេ គឺវានៅជាប់នឹងម្រាមដៃតែម្តង។ ជាធម្មតាទឹកថ្នាំហ្នឹងវាអាចជាប់នៅនឹងម្រាបដៃរហូតដល់ទៅ១២០ម៉ោងឯណោះបន្ទាប់ពីជ្រលក់រួច ហើយវាអាចជាប់នៅលើក្រចកដៃរហូតដល់ទៅ៣០ថ្ងៃឯណោះ»។ លោក DODDAMANI CHANDRASHEKHAR បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជាទិញទឹកថ្នាំពីប្រទេសឥណ្ឌាប្រមាណ ៥១,០០០ដប សម្រាប់បម្រើការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយក្នុងមួយការិយាល័យត្រូវដាក់ប្រមាណ ២ដប។ ទឹកថ្នាំនេះក្នុង១ដបមានចំណុះ ៧០មិល្លីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចំណាយប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញទឹកថ្នាំជ្រលក់ដៃទាំងនេះ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានរៀបចំពិសោធន៍គុណភាពទឹកថ្នាំនេះ ដោយមានការចូលរួមសាកល្បង ពីតំណាងគណបក្សនយោបាយនានាផងដែរ។ ក្រោយការសាកល្បងទាំងតំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលផងសុទ្ធតែបានបង្ហាញការជឿទុកចិត្តទៅលើគុណភាពទឹកថ្នាំនេះ៕