(ភ្នំពេញ)​៖ លោក Sergey ORDZHONIKIDZE អគ្គនាយករងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅដោយលូន មានភាពយុត្តិធម៌ ភាពត្រឹមត្រូវ និងទទួលស្គាល់ពីសំណាក់អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភាគីចូលរួមដូចនៅប្រទេសរុស្ស៊ី កន្លងទៅផងដែរ។

លោក Sergey ORDZHONIKIDZE បានថ្លែងបែបនេះនៅព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកដឹកនាំសមាជិករបស់សភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី ដើម្បីចុះអនុស្សារណៈយោគយល់គ្នាជាមួយលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនពរ​ឱ្យការបោះឆ្នោត នៅថ្ងៃខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយភាពយុត្តិធម៌ មានភាពត្រឹមត្រូវ និងដោយមានការទទួល ស្គាល់ពីសំណាក់អ្នកពាក់ព័ន្ធ»។

នៅក្នុង​ឱកាសនោះលោកអគ្គនាយករងសភាសង្គមស៊ីវិលរបស់សហព័ន្ធរុស្ស៊ី បានលើកឡើងថា តាមរយៈការចុះហត្ថលេខារវាងភាគីសង្គមស៊ីវិលកម្ពុជា និងរុស្ស៊ី បានបង្ហាញពការសហការគ្នា ការយោគយល់គ្នារវាងប្រជាជន និងប្រជាជន សង្គមស៊ីវិល ដូចជា ការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ គឺដើម្បីប្រជាជនយើងទាំងអស់គ្នាផងដែរ។

ជាការឆ្លើយតបវិញ លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលបានបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ខ្លួន ឱ្យចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរលោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា កម្ពុជា-រុស្ស៊ី ជាមិត្តដែលបានយល់ពីគ្នាចិត្តគ្នា រុស្ស៊ីបានជួយដល់កម្ពុជា នៅពេលដែលប្រទេសកំពុងតែឆ្លងកាត់ការលំបាក​​ជាពិសេសបន្ទាប់ពីសម័យប្រល័យពូជសាសន៍ (ប៉ុលពត) ឆ្នាំ១៩៧៩ គឺប្រទេសរុស្ស៊ី បាននៅជាមួយកម្ពុជា ដែលផ្តល់ជំនួយមួយចំនួនដល់ប្រទេសកម្ពុជា ដើម្បីស្តារប្រទេសឡើងវិញ នៅពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានការណ៍ចំណុចសូន្យ និងជាមូលដ្ឋានមួយដែលធ្វើឱ្យកម្ពុជា ឈានដល់ដំណាក់កាលដែលយើងទាំងអស់គ្នា បានឃើញដូចពេលបច្ចុប្បន្ននេះ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបន្តថា មានបញ្ញវន្តខ្មែរជាច្រើន ដែលកំពុងតែមានតួនាទីសំខាន់ៗ នៅក្នុងរាជរដ្ឋាភិបាលក្តី នៅក្នុងវិស័យសង្គមស៊ីវិលក្តី សុទ្ធតែទទួលបានការបណ្តុះបណ្តាលសិក្សារៀនសូត្រ ពីមិត្តរុស្ស៊ី ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍនៅកម្ពុជា៕