(ព្រះសីហនុ)៖ ដោយមើលឃើញ និងជឿជាក់លើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន២៨នាក់ (ក្នុងនោះស្រីមាន១៦នាក់) ដែលលេចធ្លោនៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបានមកសុំរួមរស់ជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាផ្លូវការ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ជួន ណារិន្ទ ប្រធានក្រុមការងារចុះជួយសង្កាត់លេខ៣ របស់គណបក្សប្រជាជនកម្ពុជា និងលោក កាន់ ឡឹង។ ក្រុមសកម្មជនលេចធ្លោទាំង២៨នាក់នេះ ជាអតីតសកម្មជនគណបក្ស សង្គ្រោះជាតិ។

លោក ជួន ណារិន្ទ បានស្វាគមន៍ចំពោះវត្តមានរបស់សមាជិកថ្មីទាំង២៨នាក់នេះ ដែលបានគិតត្រូវក្នុងការចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែន។ សម្រាប់សមាជិកថ្មី ទាំង២៨នាក់ខាងលើនេះ បានប្រកាសថា ពួកគេនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខានស្អែកនេះ។

ជាមួយនឹងការបោះឆ្នោតជិតចូលមកដល់ផងនោះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ នៅខេត្តព្រះសីហនុ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕