(កោះកុង)៖ អបអរសាទរ ថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោត ដើម្បីជ្រើរើសតំណាងរាស្រ្តនីតិកាលអាណត្តិទី៦ ក្នុងការដឹងនាំប្រទេស ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង បានរៀបចំដង្ហែក្បួនយ៉ាងគគ្រឹកគគ្រេង ពីសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ទៀ វិញ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង ដោយមានសមាជិកសមាជិកាបក្សចូលរួមចំនួន៣៥៩១នាក់។

ក្នុងពិធីបិទការឃោសនាលោក ទៀ វិញ បានថ្លែងថា ថ្ងៃនេះលោកមានសក្ខីភាពរីករាយណាស់ ដោយមើលឃើញភាពជាក់ស្តែង ដោយបងប្អូនកូនក្មួយបានស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដែលយើងបានឆ្លងកាត់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របទៅតាមបំណងប្រាថ្នាដ៏ពិសេសរបស់ប្រជាជនកម្ពុជា ព្រមទាំងបាននាំមកជូនប្រជាជននូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង និងជាគណបក្សដឹកនាំចលនាតស៊ូ របស់ប្រជាជនប្រឆាំងប្រទេសដែលឈ្លានពាន ដើម្បីឯករាជ្យជាតិ ជាកម្លាំងនយោបាយតែ១គត់ ដែលដឹកនាំប្រយុទ្ធផ្តួលរំលំរបបប្រល័យពីជសាសន៍ប៉ុលពត ដើម្បីសង្រ្គោះជាតិឲ្យមានជីវិតឡើងវិញ ជាគណបក្សដែលបានដឹកនាំការពារមាតុភូមិឲ្យស្ថិតស្ថេរគង់វង្ស ការពារមិនឲ្យមានការវិល ត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ហើយគណបក្សប្រជាជន ព្រមទាំងបានដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចំរើនរហូតដល់បច្ចុប្បន្ននេះ ហើយគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិខ្លួនដែលបានផ្សាភ្ជាប់ទៅគោលនយោបាយ «ប្រជាធិបតេយ្យប្រជាជន» ព្រោះគណបក្សប្រជាជន គឺគណបក្សកើតពីប្រជាជន កម្ពុជា មានអត្ថិភាពដោយសារប្រជាជននឹងដើម្បីប្រជាជន។

លោកបានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា បានធ្វើជាស្នូល នៃសាមគ្គីភាពជាតិទាំងមូល ហើយដឹកនាំប្រទេសជាតិឲ្យឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ។ នេះជាកក្តានៃជ័យជម្នះ ក្នុងការដឹកនាំរំដោះជាតិព្រមទាំងការពារជាតិគ្រប់កាលៈទេសៈ មានការគាំទ្រដ៍រឹងមាំពីប្រជាពលរដ្ឋ ហើយមានធនធានមនុស្សដ៏សំបូរបែបប្រកបដោយសមត្ថភាព មនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ ហេតុដូច្នេះ សូមពុកម៉ែកូនក្មួយទាំងអស់អញ្ជើញ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨បានគ្រប់ៗគ្នា»