(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ កក្កដាឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំាងតំណារាស្រ្តនីតិកាលទី៦ នៅខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីសមាជិកសមាជិការាប់ម៉ឺននាក់។

លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សមាជិកសមាជិកាដែលចូលរួមបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃចុងក្រោយ ទូទាំងខេត្តនេះមានប្រមាណ៧ម៉ឺននាក់។

នៅក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាថ្ងៃដ៏មហានក្ខត្តឫក្ស ដែលគណបក្សប្រជាជនកម្ពុជាទូទំាងប្រទេស ដោយឡែក គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ គ្រប់ថ្នាក់ រួមជាមួយបងប្អូនជនរួមជាតិ សមាជិកសមាជិកា គណបក្សយ៉ាងច្រើនកុះករ បានចូលរួមក្នុងថ្ងៃបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ យើងទំាងអស់គ្នា បានស្តាប់រួចមកហើយ នូវសេចក្តីថ្លែងការណ៍បើកយុទ្ធនាការឃោសនារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលេចឲ្យឃើញពីស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្ត ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងប្រជាជន គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ឆ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រកបដោយចិរភាព ជាពិសេស គឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ដោយធានាបន្តថែរក្សាសមិទ្ធិផលដ៏ធំធេង ដែលគណបក្សសម្រេចបាន និងបន្តការអភិវឌ្ឍលើគ្រប់វិស័យនាំមកនូវវិបុលភាព វឌ្ឍនភាព និងការរីចម្រើនថ្កុំថ្កើងថែមទៀត ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រទេសជាតិ និងប្រជាជន។

ក្នុងនាមគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះយុទ្ធនាការរយៈពេល២១ថ្ងៃ ក្នុងក្របខ័ណ្ឌ ខេត្តត្បូងឃ្មុំ ដែលបានដំណើរការដោយរលូន ប្រកបដោយលក្ខណៈសេរី អហិង្សា គណបក្សនយោបាយទំាងអស់ បានធ្វើសកម្មភាពឃោសនាដោយសេរី សំដៅទាក់ទាញការ គាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត តាមគ្រប់លទ្ធភាព គ្មានការគំរាមកំហែង។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានបង្កលក្ខណៈសម្បត្តិងាយស្រួលដល់គ្រប់ គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពឃោសនា និងបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះក្រុមការងារ គណៈកម្មាធិការបក្សគ្រប់ថ្នាក់ រួមទំាងសកម្មជន សមាជិក សមាជិកា បក្សទំាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីចិត្តពីថ្លើម ក្នុងសកម្មភាពយុទ្ធនាការ ២១ថ្ងៃ កន្លងមក ដោយគ្មានខ្លាចនឿយហត់ ចំណាយអស់កម្លាំងកាយ ចិត្ត ធនធាន សម្ភារ ថវិកា រួមទំាងមធ្យោបាយនានា ក្នុងទិសដៅប្រមូលផ្តុំកម្លំាងវាយលុក យកប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន, ដោយសារប្រជាជន ដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។

សម្តេចបានមានប្រសាសន៍ថា ថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងបង្កើតរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀត។ ការបោះឆ្នោតនេះមានអត្ថន័យសំខាន់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងបន្តរក្សាបាននូវសុខសន្តិភាព យូរអង្វែង និងការអភិវឌ្ឍសម្រាប់យើងទាំងអស់គ្នា។

អាស្រ័យហេតុនេះសម្តេចសូមបងប្អូនជនរួមជាតិដែលបានឃើញច្បាស់ នូវប្រពៃណីស្នេហាជាតិ សមិទ្ធិផលគ្រប់វិស័យ និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕