(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ច័ន្ទ សុផល ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង​ បានដឹកនាំសមាជិក សមាជិកា យុវជន ប្រជាពលរដ្ឋទូទាំងខេត្ត ហែរបិទឃោសនា មានចំនួន៥.៥៦០នាក់ ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨។ ពិធីនេះបានធ្វើឡើងនៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅមុនពេលយុទ្ធនាការដង្ហែក្បួនឃោសនា ស្វែងរកសំឡេងឆ្នោតនោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានផ្ញើសារជូនជនរួមជាតិនាព្រឹកមិញនេះ សម្រាប់អាណត្តិទី៦។

នៅពេលសម្តេចតេជោថ្លែងរួចហើយ ក្បួនបានហែរចេញឆ្លងកាត់ទៅតាមក្នុងក្រុង-សង្កាត់ដ៏ទៃទៀត ដោយតាមទិសដៅដែលបានកំណត់ ខណៈដែលស្រុកផ្សេងៗទៀត ក្នុងខេត្ត គឺបានធ្វើពិធីនេះនៅតាមស្រុករៀងៗខ្លួនផងដែរ៕