(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​ដឹកនាំសមាជិក សមាជិកា​ប្រមាណ​២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទីលានកោះពេជ្រ និងវត្តបុទុមវត្តី រាជធានីភ្នំពេញ បានថ្លែងថា ​គណបក្សប្រជាជន ផ្តល់អាទិភាពគោលនយោបាយ សំខាន់ជាងគេបំផុត គឺផ្តោតលើសន្តិភាព និងការអភិវឌ្ឍ ដែលគោលនយោបាយនេះ បានធ្វើកន្លងមករហូតដល់ពេលបច្ចុប្បន្ន ហើយបន្តទៅថ្ងៃអនាគត។

ក្នុងពិធីនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្ដូរផ្ដាច់ជាមួយនឹងការរក្សាសន្ដិភាព ទោះត្រូវបង់ថ្លៃយ៉ាងណាក៏ដោយ តម្លៃអ្វីក៏យើងបង់បាន ប៉ុន្ដែយើងមិនត្រូវបង់ថ្លៃដោយជីវិតមនុស្សនោះទេ ដូច្នេះចំណុចនេះគេអាចមើលឃើញបាន យើងផ្ដទ្ទាទោសចំពោះអ្នកដែលប្រព្រឹត្តបំផ្លាញសន្ដិសុខរបស់ជាតិ បំផ្លាញជាតិ ហើយប្រសិនបើយើងមិនបំផ្លាញចោលពួកនេះទេ ប្រហែលជាពេលនេះ ម៉ោងនេះ ស្ថិតក្នុងកាលៈទេសៈសង្គ្រាមមួយដ៏ជាក់លាក់។ ដូច្នេះសន្ដិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសូមរក្សាសន្ដិភាព»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ​គណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ចំណុចនេះ​អាចមើលឃើញបាន តាមរយៈដំណើរវិវឌ្ឍជាជំហានៗ នៃសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ហើយ​ការយកជីវិតធ្វើដើមទុន ដើម្បីទាញត្រឡប់មកវិញនូវសន្ដិភាព ដែលបានអវត្តមានតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាថ្ងៃរដ្ឋប្រហារ ដោយប្រទេសក្រៅ។

​​សម្ដេចប្រមុខគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានរួមគ្នាខិតខំងើបឈរឡើង ដើម្បីរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន ដែលចាត់ទុកដាក់ជាគ្រឹះដ៏សំខាន់មួយ នៃការរស់រានមានជីវិតឡើងវិញ ហើយក៏ជាសិទ្ធិមនុស្សដ៏សំខាន់ គឺសិទ្ធិរស់រានមានជីវិត ប្រកបដោយភាពថ្លៃថ្នូរ។

យ៉ាងណាមិញ បើតាមសម្ដេចតេជោ ហ៊ុន​ សែន គណបក្សប្រជាជនកម្ពុជា ​ក៏បានខិតខំបន្ដទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសនប៉ុល ពត និង​បានខិតខំចរចារស្វែងរកដំណោះស្រាយ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ហើយបានខិតខំអនុវត្តនយោបាយឈ្នះឈ្នះនាំមកនូវសន្ដិភាព និងឯកភាពទឹកដី ដែលឆ្នាំនេះគឺជាខួបលើកទី២០ នៃថ្ងៃដែលកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវការឯកភាពទឹកដីជាលើកដំបូងជាប្រវត្តិសាស្ដ្រ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅដំណាក់កាលចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាមិនបានធ្លាក់ចុះនោះទេ ប៉ុន្តែអត្រាក្រីក្រ បានធ្លាក់ចុះជាបន្តបន្ទាប់។ សម្ដេចនឹងនាំប្រទេសចេញពីភាពក្រីក្រ ហើយក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយសម្ដេចជឿថា កម្ពុជាអាចធ្វើបាន៕​