(ព្រៃវែង)៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាលើកទី៤ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់បក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានធ្វើការជួបជុំគ្នានៅទីស្នាក់គណបក្សខេត្តព្រៃវែង សកម្មជនគណបក្សប្រជាកម្ពុជា និងប្រជាពលរដ្ឋប្រមាណ១៥០០នាក់ បានរៀបចំក្បូនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាព្រឹកថ្ងៃទី២៧ ខែកក្កដា បានធ្វើឡើងក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជិកាជាច្រើននាក់ទៀត។

បើតាមការឲ្យដឹងពីក្រុមការងារ ដែលរៀបចំកម្មវិធីខាងលើនេះបានឲ្យដឹងថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី៤នេះ ចាប់ផ្តើមចេញដំណើរពីទីស្នាក់ការគណបក្សខេត្ត ទៅតាមស្រុកក្រុងទាំងចំនួន៥ រួមមាន៖ ស្រុកកំចាមារ, ស្រុកស៊ីធរកណ្ដាល, ស្រុកស្វាយអន្ទរ, ស្រុកពោរៀង, ស្រុកពៀមរ, ក្រុងព្រៃវែង និងឃុំចំនួន៣០ឃុំផ្សេងទៀត ជុំវិញខេត្តព្រៃវែងតែម្ដង មានការចូលរួមពីប្រជាពលរដ្ឋ ជាច្រើនរយនាក់ប្រើប្រាស់រថយន្តជាង៥០គ្រឿងម៉ូតូ២០០គ្រឿង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជាកំពុងធ្វើកំណែទម្រង់លើគ្រប់វិស័យ ភាពរីកចំរើនដែលកម្ពុជាកំពុងតែមានមាននេះ គឺក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍ និងរីកចម្រើនមានអគារសិក្សា និងផ្លូវថ្នល់ ភ្លើងអគ្គសនី ទឹកស្អាត ប្រជាពលរដ្ឋមានការងារនិងកាត់បន្ថយភាពក្រីក្រ។

សម្ដេចក្រឡាហោ បានបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងនាំមកនូវសន្តិសភាព ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនតទៅមុខទៀត ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ដោយភាពសម្បូរសប្បាយ នីជីវភាពធូរធា។ គណបក្សប្រជាជនកម្ពុជា មានផែនការអភិវឌ្ឍប្រទេសច្បាស់លាស់ មានធនធានមនុស្សសំបូរបែប ដែលដឹកនាំកម្ពុជាឲ្យមានការរីកចំរើនទៅមុខទៀត។

សម្តេចក្រឡាហោម បានអំពាវនាវ សូមប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា អ្នកដែលទៅចូលរួមបោះឆ្នោត គឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលគាំទ្រនូវ លទ្ធិប្រជាធិបតេយ្យ ពិតជា បានរស់នៅយ៉ាងសុខដុមរមនា ជាមួយប្រជាជននានានៅភូមឋាន។ អ្នកដែលមិនទៅបោះឆ្នោត តាមការញុះញង់ គឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ នោះគេនឹងមានការសោកស្តាយ សូមឲ្យប្រជាពលរដ្ឋរបស់យើងសូមពិចារណា។

ឥឡូវចំនួនភាគច្រើន នឹងទៅបោះឆ្នោត ឯចំពោះអ្នកដែលមិនទៅធ្វើការបោះឆ្នោត តើយើងអាចរស់នៅមូលដ្ឋានជាមួយពលរដ្ឋដទៃទៀតយ៉ាងម៉េចទៅ? យើងមិនមែនគ្រាន់តែធ្វើយុទ្ធនាការឃោសនាបោះឆ្នោត យកឈ្នះចាញ់ជាមួយគ្នា គណបក្សដទៃនោះទេ ក្នុងប្រទេសរបស់យើងនេះទេ ប៉ុន្តែនៅមានក្រុមចលនាក្រៅច្បាប់ កំពុងអំពាវនាវឲ្យប្រជាជន ប្រើប្រាស់នូវសិទ្ធិមិនទៅចូលរួមបោះឆ្នោត។

យើងសូមបញ្ជាក់ថា អ្នកដែលចូលរួមបោះឆ្នោត ទើបជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលមិនចូលរួមការបោះឆ្នោត ដោយចេតនា គឺជាអ្នកបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ តាមការញុះញង់របស់ពួកចលនាក្រៅច្បាប់ ហើយសូមអាជ្ញាធរពិនិត្យមើលចលានា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ដែលជាចំណុចដែលយើងបានរកឃើញរួចមកហើយ ហើយខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ នឹងទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចក្នុងរយៈពេល៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នាពេលខាងមុខនេះ គឺជាការបោះឆ្នោតទូទៅជា សាកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ស្មើភាព និងដោយសម្ងាត់តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ពិសេសគ្មានការលួចបន្លំសន្លឹកឆ្នោតឡើយ៕