​(ស្វាយរៀង)៖ លោកស្រី​ ម៉ែន សំអន ប្រធានក្រុមការងារ​ចុះជួយខេត្តស្វាយរៀង និងជាអ្នកតំណាងរាស្ត្រ​មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំសមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា ប្រមាណជិត១ម៉ឺននាក់ ដើម្បីជួបជុំគ្នាស្តាប់ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន នៅក្នុងបរិវេណស្នាក់ការ​គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង និងចេញដង្ហែក្បួនឃោសនាតាមដងផ្លូវនានា នៅខេត្តស្វាយរៀង។

គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មានការជួបជុំស្តាប់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន និងដង្ហែរក្បួនតាមផ្លូវ​ចំនួនជិត១ម៉ឺននាក់ មធ្យោបាយរថយន្ត៣៥០គ្រឿង ម៉ូតូ១ពាន់គ្រឿង មេក្រូ២៥គ្រឿង ហើយក្នុងនោះ​ស្រុកស្វាយជ្រំ ដឹកនាំដោយលោក ចៅ ភិរុណ និងស្រុកចន្ទ្រា ដឹកនាំលោក ម៉ឹង សំផន ក៏មានការដង្ហែក្បួន និងជួបជុំគ្នាសម្រាប់ស្រុកផ្សេងៗទៀត ក៏ដង្ហែក្បួនរកសំឡេងឆ្នោតដឹកនាំដោយ ប្រធានក្រុមការងារចុះជួយស្រុកនីមួយៗផងដែរ។​

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

ទី២៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។

ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។

ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជមរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងភពលោក៕​