(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវការពារឱ្យបាននូវសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ។

លោកបានថ្លែងដូវនេះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុង​ឱកាសដែលលោកអញ្ចើញជាអធិបតី បំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ជូននាយទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះមានសមាសភាពថ្នាក់ដឹកនាំ មេបបញ្ជាការរង នាយ នាយរង សេនាធិការ នាយ នាយរង ការិយាល័យ ចូលរួមសរុបចំនួន១០៥ នាក់។

បន្ទាប់ពីលោកបានបំពាក់ឋានន្តរស័ក្តិរួមមក លោកបានផ្តាំផ្ញើដោយលើកយកចំណុចសំខាន់ៗមួយចំនួន នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ និងលក្ខណៈសម្បត្តិ៥យ៉ាង របស់នាយទាហានជាថ្នាក់ដឹកនាំរួមមាន៖

ទី១៖ មជ្ឈមណ្ឌលប្រតិកម្មរហ័ស និងឈ្លាសវៃក្នុងការដោះស្រាយសភាពការណ៍ ដោយម៉ត់ចត់ មានសមត្ថភាពគ្រប់គ្រាន់ និងមានការសាមគ្គីល្អ
ទី២៖ ពេលទទួលបានបានបទបញ្ជា ត្រូវមានសមត្ថភាពក្នុងការសម្រេចភារកិច្ចទាំងពេលបំពេញការងារក្នុងអង្គភាពក៏ដូចជានៅសមរភូមិ
ទី៣៖ ការគ្រប់គ្រងកងកម្លាំង និងចិញ្ចឹមទ័ព
ទី៤៖ មានការទំនាក់ទំនងសាមគ្គីល្អ ជាមួយអាជ្ញាធរដែនដី សមត្ថភាពជំនាញ និងប្រជាពលរដ្ឋនៅមូលដ្ឋាន
ទី៥៖ ផ្សារភ្ជាប់ខ្លួន ឬសមាហរណកម្មជាមួយថ្នាក់ជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំឮកដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការការពារដំណើរការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ដ៏ខ្លីខាងមុខនេះ និងចូលរួមបោះឆ្នោតឱ្យបានទាន់ពេលវេលាតាមកាលកំណត់របស់ គ.ជ.ប៕