(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅកម្ពុជា បានប្រារព្ធកម្មវិធី 2018 Quiz on Korea វគ្គដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងការស្វែងរកម្ចាស់ជ័យលាភីលេខ១​ តំណាងឲ្យកម្ពុជា ដែលមានសមត្ថភាព និងចំណេះដឹងផ្សេងៗ ដើម្បីបន្តចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី​ Quiz on Korea នៅប្រទេសកូរ៉េ។

កម្មវិធីនេះដែរ ដែលមានការចូលរួមពីលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅ​​កម្ពុជា នៅក្នុងសាលពហុបំណង(Multi-Purpose Hall) នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅវេលាម៉ោង១៥៖០០រសៀល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដែលក្នុងនោះបេក្ខជន បេក្ខនារីមានចំនួន ១១៦នាក់ ត្រូវជំរុះយកម្ចាស់ជ័យលាភីលេខ១ប្រចាំនៅកម្ពុជា ដើម្បីបន្តដំណើរចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី​ Quiz on Korea នៅប្រទេសកូរ៉េ ជាមួយនិង ២១ប្រទេសទូទាំងបណ្ដាលពិភព​លោកផងដែរ។

សម្រាប់ការប្រកួតប្រជែងជ្រើសរើសនៅក្នុងប្រទេសកម្ពុជានេះដែរ ដែលមានបេក្ខជន បេក្ខនារីជាប់ជ័យលាភី៣រូប រួមមាន៖ លេខ៣ គឺបានទៅលើបេក្ខជនឈ្មោះ ប៊ុន គង់ហ័ន, លេខ២បានទៅលើបេក្ខនារីឈ្មោះ ជា សិកាវឌី និងជ័យលាភីលេខ១ ដែលត្រូវបន្តចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី​ Quiz on Korea នៅប្រទេសកូរ៉េ បានទៅលើបេក្ខនារីឈ្មោះ ថន រិទ្ធសៀវយី។

ក្នុងនោះដែរ ម្ចាស់​ជ័យលាភីដែលត្រូវបានជ្រើស​រើសនៅក្នុងប្រទេសនីមួយៗ​ នឹងទទួល​បាន​ឱកាស​ចូលរួមក្នុងដំណើរទេសចរណ៍នារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសកូរ៉េ និង​មានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រារព្ធឡើងនៅក្នុង​ប្រទេសកូរ៉េផងដែរ។

លោក អូ ណាក់យ៉ុង ​ឲ្យក្នុងកម្មវិធីនេះថា តាមរយៈការឆ្លើយសំណួរពិបាកៗ​បានយ៉ាង​ត្រឹមត្រូវ ដែលសូម្បីតែជនជាតិកូរ៉េ ក៏មិនងាយនឹងឆ្លើយបានត្រឹមត្រូវផងដែរនោះ បានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីស្រលាញ់របស់អ្នកទាំងអស់ចំពោះប្រទេសកូរ៉េ។

លោកបានលើកឡើងថា «ក្រោម​ការចាប់អារម្មណ៍ និងក្តីស្រលាញ់ចូលចិត្តវប្បធម៌កូរ៉េ ពីសំណាក់អ្នកទាំងអស់គ្នា កម្មវិធី Quiz on Korea តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំយ៉ាងអធិកអធមនោះ ខ្ញុំសង្ឃឹមថាទៅថ្ងៃអនាគត យើងអាចធ្វើការស្វែងយល់ និងផ្លាស់ប្តូរ​វប្បធម៌រវាងគ្នា​ទៅវិញទៅមក ព្រមទាំងធ្វើការស្វែងយល់អំពីគ្នាឲ្យបានកាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត»