(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា មកដល់ពេលនេះ ទឹកទន្លេសាកុង នៅតែបន្តកើនឡើង និងបានវាយប្រហារចូលក្រុងស្ទឹងត្រែងហើយ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរខេត្តក៏បានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្ថិភាពផងដែរ។

អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទឹកជំនន់បានជន់លិកការិល័យបោះឆ្នោតមួយចំនួនក្នុងខេត្តស្ទឹងត្រែងផងដែរ ដែលតម្រូវឲ្យប្តូរការិយាល័យបោះឆ្នោតទៅរកទីតាំងថ្មី។

បើតាមអាជ្ញាធរខេត្តស្ទឹងត្រែង ការិយាល័យបោះឆ្នោត ដែលរងការលិចលង់ដោយទឹកជំនន់មាន៖ ស្រុកសេសាន មាន៥ការិយាល័យ, ស្រុកសៀងប៉ាង៤ការិយាល័យ ខណៈដែលការិយាល័យចំនួន៦ផ្សេងទៀត ទឹកចាប់ផ្តើមហូរចូលជាបណ្តើរៗផងដែរ។

អាជ្ញាធរខេត្តបញ្ជាក់បន្ថែមថា បើទឹកនៅតែបន្តកើនឡើងនោះ ការរៀបចំការបោះឆ្នោត នឹងមានបញ្ហាប្រឈមចំពោះទីតាំងបោះឆ្នោត។

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាក់ថា មកដល់ម៉ោង ៦៖១៥ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២.៤០ម៉ែត្រហើយ ដោយកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១១.៥០ម៉ែត្រប៉ុណ្ណោះ៕