(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន៧ នឹងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដែលជាថ្ងៃបិទបញ្ចប់ នៃការឃោសនា ដោយមានអ្នកចូលរួមសរុបជាង៣២ម៉ឺននាក់។ នេះបើយោងតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

បើតាមលិខិតរបស់ គ.ជ.ប រាជធានីភ្នំពេញ បានឲ្យដឹងថា គណបក្សនយោបាយទាំង៧នោះរួមមាន ទី១៖ គណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមចំនួន២៥០,០០០​នាក់, ទី២៖ គណបក្សខ្មែរក្រោក មានអ្នកចូលរួមចំនួន៣៨០នាក់, ទី៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមចំនួន៥០,០០០នាក់, ទី៤៖ គណបក្សសញ្ជាតិកម្ពុជា មានអ្នកចូលរួមចំនួន២០,០០០នាក់, ទី៥៖ គណបក្សហ៊្វុនស្វ៊ុនប៉ិច មានអ្នកចូលរួមចំនួន១,៥០០នាក់, ទី៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានអ្នកចូលរួម១០០នាក់ និងទី៧៖ គណបក្សខ្មែររួបរួមជាតិ មានអ្នកចូលរួមចំនួន៤៥០នាក់។

គ.ជ.ប ក៏បានបញ្ជាក់ថា ការធ្វើយុទ្ធនាការឃោសនានៅថ្ងៃចុងក្រោយនេះ គណបក្សនយោបាយទាំង៧នេះ នឹងប្រើប្រាស់មធ្យោបាយចូលរួមសរុបចំនួន៨៨,៤៨៧​គ្រឿង ដោយក្នុងនោះមានទាំងរថយន្ដ ម៉ូតូកង់បី និងម៉ូតូ៕​