(ភ្នំពេញ)៖ ព្រឹត្តិការណ៍ទូទៅជារួម ​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី២០ នៃយុទ្ធនាការឃោសនាបោះឆ្នោត, ការឃោសនានៅទូទាំងប្រទេស មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៦ ខែកក្កដានេះ។

គ.ជ.ប បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺមានបណ្តឹងសរុបចំនួន៣០បណ្តឹង ក្នុងនោះមាន២៩បណ្តឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១បណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប៖