(ភ្នំពេញ)៖ នៅទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ញើលិខិតទៅក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ រួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចាត់ការណ៍តាមផ្លូវច្បាប់លើលោក ជូង ជូងី ជាមេធាវីរបស់អតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធករណីបង្ហោះវីដេអូ អំពាវនាវពលរដ្ឋកុំឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទៅ២៦ ខែកក្កដានេះ។
តាមសេចក្តីប្រកាសបានឱ្យដឹងថា គ.ជ.ប ក៏នឹងស្នើឱ្យបិទបណ្តាញសង្គម Facebook របស់បុគ្គលនេះផងដែរ ហើយមិនតែប៉ុណ្ណោះ គ.ជ.ប ក៏នឹងស្នើឱ្យប្រធានគណៈមេធាវី ពិនិត្យមើលក្រមសីលធម៌វិជ្ជាជីវៈមេធាវី ចំពោះលោក ជួង ជូងី ផងដែរ។ (សូមអានសេចក្តីប្រកាសរបស់ គ.ជ.ប)
សូមជម្រាថា កាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ លោក ជូង ជូងី ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើទៅ គ.ជ.ប ចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ការអំពាវនាវនេះ ធ្វើឡើងក្រោយលោក សម រង្ស៊ី ប្រធានចលនាសង្ក្រោះជាតិ បានធ្វើការអំពាវនាវប្រជាពលរដ្ឋឱ្យធ្វើពហិការ មិនទៅចូលរួមការបោះឆ្នោត និងការបំផុសជាបន្តបន្ទាប់អំពីយុទ្ធនាការម្រាមដៃស្អាត ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា។
យោងតាមមាត្រា៣៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត»។ មាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានចែងថា «ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០ (ប្រាំលាន)រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖