(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ បន្ទាប់ពីកម្មវិធីពិព័រណ៌ផ្សារណាត់ នៅខេត្តសៀមរាបត្រូវបានបញ្ចប់ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួង បន្តដំណើរអញ្ជើញមក ចូលរួមក្នុងកម្មវិធីពិព័រណ៌ផ្សារណាត់ ដែលបានរៀបចំឡើង នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

ជារួមទិដ្ឋភាពពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផល សុវត្ថិភាពក្នុងខេត្តកំពង់ធំ គឺជាខេត្តទី៨ ក្នុងខេត្តគោលដៅទាំង១១ ដែលបានរៀបចំពិព័ណ៌ ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព ដោយមានការចូលរួមពីកសិករ អាជីវករ សហគមន៍ វិស័យឯកជន និងអតិថិជនយ៉ាងច្រើនកុះករ។

ក្នុងបរិយាកាសសប្បាយរីករាយ រួមជាមួយនឹងសេចក្តីមោទន ក្នុងនាមរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ក៏ដូចខ្លួនលោកផ្ទាល់ លោករដ្ឋមន្រ្តី និងលោកស្រី លឹម សុគន្ធារី អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលគម្រោងជំរុញផលិតកម្មស្បៀង សម្រេចបានកន្លងមក ដោយលទ្ធផលនេះបាន និងកំពុងចូលរួមចំណែកក្នុងការជួយបំពេញតម្រូវការបន្លែ និងផលិតផលសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក កាត់បន្ថយបរិមាណបន្លែនាំចូលពីប្រទេសជិតខាង។

ស្តែងចេញពីសមិទ្ធផល ដែលសម្រេចបាននេះ គឺស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើសេដ្ឋកិច្ចជាតិកម្ពុជា មានកំណើនបានល្អប្រសើរ ក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងមកនេះ និងបានធ្វើឲ្យប្រាក់ចំណូល របស់ប្រជាជនមានការកើនឡើងជាលំដាប់ ហើយសង្ឃឹមថា ប្រទេសកម្ពុជានឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នា ឆ្នាំ២០៣០។

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាន និងកំពុងរៀបចំកសាងគោលនយោបាល និង យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០៣០ ដោយផ្តោតលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាសំខាន់។
នៅចំពោះមុខអាជីវករ ផលិតករ អតិថិជន លោករដ្ឋមន្រ្តីបានអំពាវនាវ ឲ្យប្រជាពលរដ្ឋងាកមកចូលរួមលើកស្ទួយ ឧបត្ថម្ភ គាំទ្រ និងបរិភោគផលិតផលក្នុងស្រុក ដែលកសិករយើងជាអ្នកផលិត ដើម្បីគាំទ្រសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក ពិសេសដើម្បីសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា៕