(សៀមរាប)៖ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងនៃប្រជាពលរដ្ឋភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានសម្រេចជួសជុលផ្លូវលំ១ខ្សែប្រវែង ២,៨០០ម៉ែត្រ ដែលបម្រើដល់សេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកភូមិ។

ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ នារសៀលថ្ងៃទី២៥ ខែកក្កដានេះ លោក លុយ ឆន មេឃុំឃុំបាគង បានបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះជាផ្លូវបុរាណដែលប្រជាពលរដ្ឋក្នុងភូមិលលៃអាស្រ័យប្រើប្រាស់ជាប្រចាំ ប៉ុន្តែផ្លូវនេះបានរងការខូចខាតដោយអន្លើដោយកន្លែងខ្លះបានបាក់ដី កើតជាជង្ហុកតូចធំ និងកន្លែងខ្លះទៀតតូចចង្អៀត ដែលនាំឲ្យប្រជាពលរដ្ឋជួបការលំបាកច្រើនក្នុងការធ្វើដំណើរ។

លោក ធិននី វិធូ អភិបាលរងស្រុកប្រាសាទបាគង បានលើកឡើងក្នុងពិធីបើកការដ្ឋាននេះថា ក្នុងនាមអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោកពិតជារីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសម្រេចជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ ជាពិសេសលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជួយសម្របសម្រួល និងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការងារជួសជុលនេះ។

លោក សុខ សង្វារ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននេះមានប្រសាសន៍ថា ផ្លូវភូមិមួយខ្សែនេះស្ថិតនៅលើខ្នងបារាយណ៍បុរាណ ប៉ុន្តែ ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរាក្រោយទទួលបានសំណើសុំជួសជុលពីប្រជាពលរដ្ឋ សម្រេចបញ្ជូនមន្ត្រីជំនាញ ដើម្បីសិក្សាអំពីលទ្ធភាពនៃការជួសជុលក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់បុរាណដ្ឋាន។

ក្រោយការសិក្សារបស់មន្ត្រីជំនាញឃើញថា ការជួសជុលផ្លូវនេះគឺត្រូវធ្វើឡើងដោយគ្រាន់តែអាចបំពេញដី ត្រង់ជង្ហុកតូចធំ ឈូសពង្រាបទីទួល និងសម្អាតមែកឈើខ្លះៗដែលទេរមកលើផ្លូវប៉ុណ្ណោះ មិនអាចឈូសឆាយទ្រង់ ទ្រាយធំ ឬពង្រីកបន្ថែមលើសពីផ្លូវបច្ចុប្បន្ននេះឡើយ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរមណីយដ្ឋានអង្គរ គឺត្រូវគិតគូរខ្លាំង ជៀសវាងការអភិវឌ្ឍដែលនាំឲ្យប៉ះពាល់ដល់បុរាណដ្ឋាន ឬទីតាំងប្រវត្តិសាស្ត្រ របស់អង្គរ។

ទោះជាយ៉ាងនេះក្តី លោកពិតជារីករាយដែលបានរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យជួយថែទាំសមិទ្ធផល ដែលសម្រេចបាននេះឲ្យបានល្អ និងប្រើប្រាស់បានយូរតទៅទៀត ជាពិសេសត្រូវរួមគ្នាថែរក្សានូវបេតិកភណ្ឌអង្គរ ដោយមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ ឬបុរាណដ្ឋាននានា និងរួមគ្នាគោរពច្បាប់ និងគោលការណ៍នានា ដែលពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌជាដើម៕