(ឧត្តរមានជ័យ)៖ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តផ្តល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធកម្ពុជាប្រមាណ ៥០០នាក់ទៀតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ លោក គន់ គីម បានលើកឡើងថា ការផ្តល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជននេះ គឺជាការឆ្លុះបញ្ចាំងឲ្យពីការយកចិត្តទុកដាក់មួយកម្រិតទៀត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ។

លោក គន់ គីម បានលើកឡើងថា តាមរយៈបណ្ណនេះអនុញ្ញាតឲ្យបងប្អូនអតីតយុទ្ធជនកម្ពុជាទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរបស់រដ្ឋដោយឥតគិតថ្លៃ ដែលជាការរួមចំណែកដោះស្រាយការលំបាកក្នុងជីវភាពរបស់អតីតយុទ្ធជនបានមួយកម្រិតទៀត។

បងប្អូនអតីតយុទ្ធជនបានបង្ហាញទឹកចិត្តសប្បាយរីករាយជាមួយការទទួលបានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមនេះ និងបានអរគុណផងដែរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅរបស់ពួកគាត់។

ក្រៅពីបង្ហាញនូវទឹកចិត្តសប្បាយរីករាយហើយនោះ អតីតយុទ្ធជនបានបង្ហាញនូវស្វាមីភក្តិចំពោះសម្តេចតេជោ ហ៊ុន សែន និងបានសន្យាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា សប្តាហ៍នេះគ្រប់គ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសដែលពួកគេពេញចិត្ត៕