(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រគល់រថយន្តស៊ីរ៉ែនចំនួន៦គ្រឿង ដល់អធិការរដ្ឋានស្រុកក្រុងទាំង៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលនៃគណៈខេត្តក្រចេះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន កន្លងមក នាយឧត្តមសេនីយ៍ បានផ្ដល់ជូននូវសម្ភារសម្រាប់ការពារដល់កងកម្លាំងអន្តរាគមន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសនៅថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលបានរថយន្តស៊ីរ៉ែនចំនួន៦ គ្រឿងសម្រាប់ដល់កិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម សន្តិសុខនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់់សាធារណៈ ក្នុងការបង្ក្រាបរាល់បទល្មើសផ្សេងៗ និង កិច្ចប្រតិបត្តិការជួយសង្គ្រោះ នៅឧបទ្ទវហេតុដែលកើតឡើងជាយថាហេតុ ក្នុងភូមិសាស្ត្ររបស់ខ្លួនដែលទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា នៅសល់តែរយៈពេល៣ថ្ងៃទៀតតែប៉ុណ្ណោះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ នឹងឈានចូលមកដល់ ហើយស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានត្រៀមកម្លាំងអន្តរាគមន៍ចំនួន២០០នាក់ និងកម្លាំងសម្រាប់ការពារការិយាល័យបោះឆ្នោត ទាំង៥៥៥ការិយាល័យ មានចំនួន១២៨៤នាក់។ ដោយឡែក សម្រាប់កម្លាំងប្រជាការពារ ដែលត្រៀមអន្តរាគមន៍នៅតាមបណ្ដាស្រុកក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន៧៤៤នាក់ និងបានសិក្សាអំពីច្បាប់ក្រមសីលធម៌ និងនីតិវិធីនៃការបោះឆ្នោតផងដែរ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងបានសំណេះសំណាល ​និងណែនាំ​ដល់កង​កម្លាំងទាំងអស់ត្រូវលើកកំពស់ស្មារតី​ប្រុងប្រយ័ត្ន​ជាប់ជានិច្ច ​ក្នុងការត្រៀម​អន្តរាគមន៍​ទប់ស្កាត់បង្ក្រាប​បានទាន់ពេល និងប្រក​បដោយប្រសិទ្ធភាព​ចំពោះសកម្មភាព​ក្រុមប្រឆាំង​ខុសច្បាប់ និងពួកអមិត្ត​ដែលប៉ុនប៉ង ឬបង្កភាពចលាចល​តាមគ្រប់រូបភាព ពិសេសការកៀង​គរប្រមូល​កម្លាំងធ្វើ​បាតុកម្មខុស​ច្បាប់ អំពើហិង្សា​ក្នុងឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត។

នាយឧត្តមសេនីយ៍បានបន្តថា កង​កម្លាំងទាំង​អស់ត្រូវមាន​វត្តមានប្រចាំការនៅ​ក្នុងអង្គភាព ២៤ម៉ោងលើ២៤ម៉ោង ដោយផ្លាស់​ប្ដូរគ្នាទៅ​បោះឆ្នោត និងត្រូវគ្រប់គ្រង​ថែរក្សា ត្រួតពិនិត្យមធ្យោបាយ​យានយន្ត អាវុធ គ្រាប់រំសេវ គ្រឿងសម្ភារបរិក្ខារ គ្រឿងបំពាក់ធានា​បានគុណភាពក្នុ​ងកិច្ចប្រតិ​បត្តិការ។ ក្រោយចប់​ការបោះឆ្នោត កម្លាំងដែល​ការពារការិយាល័យ​បោះឆ្នោត​ត្រូវប្រញាប់​ប្រញាល់​វិលត្រឡប់មក​កាន់អង្គភាពវិញ ដើម្បីត្រៀម​អន្តរាគមន៍​ទ្រោលសភាពការណ៍ រហូត​ដល់ការ​ប្រកាសលទ្ធ​ផលបោះឆ្នោតជាផ្លូវ​ការបាន​ចប់សព្វគ្រប់៕