(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺដែលមានពលរដ្ឋជាច្រើនតែងតែបង្អាប់ឬហៅថា(កំប៊ុងប៊ឺ)នោះ បានប្រែមុខមានមាត់លើគ្រប់វិស័យយ៉ាងរហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ដែលតែងតែចង្អុលបង្ហាញមករដ្ឋបាលខេត្តកំពង់ស្ពឺលើការកំណែទម្រង់ ដោយបានប្រែក្លាយពីខេត្តចុងកាត់មាត់ញក ទៅជាទីប្រជុំ តំបន់ទេសចរណ៍ រោងចក្រសហគ្រាស រីកស្អេកស្កះ និងបានធ្វើឲ្យជីវភាពអ្នកខេត្តកំពង់ស្ពឺមានការរីកចំរើន សំបូរសប្បាយគួរជាទីមោទនភាពបំផុត រហូតមជ្ឈដ្ឋាននានាលែងហ៊ានហៅថា ខេត្តប៊ុងប៊ឺទៀតទេ គឺអ្នកខេត្តកំពង់ស្ពឺពេញៗមាត់វិញ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា «គ្រប់ទីកន្លែងខេត្តកំពង់ស្ពឺយើង គឺជាខេត្តដែលមានសក្តានុពលគ្រប់វិស័យ និងមានលំហូរប្រាក់ចំណូលខ្ពស់ពីវិស័យកាត់ដេរ ព្រមជាមួយការលូតលាស់ ក្នុងវិស័យកសិកម្ម មានដូចជា៖ ស្រូវ អង្ករ ស្វាយ។ល។ ដែលបានធ្វើឲ្យជីវភាពពលរដ្ឋមានកំណើនគួរឲ្យកត់សម្គាល់»

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលខេត្តកំពង់ស្ពឺ បានសរសេរថា «បងប្អូនអ្នកខេត្តកំពង់ស្ពឺយើង មានឯកសារសំរាប់បោះឆ្នោតគ្រប់ៗគ្នា រួចហើយឬនៅ? សូមមេត្តាពិនិត្យមើលម្តងទៀត នៅយប់នេះ! បើបាត់ ឬខូចឈ្មោះ ឬឯកសារផ្សេងៗ ព្រឹកឡើង សូមប្រញាប់ទៅកាន់សាលាសង្កាត់ ឬឃុំឲ្យគាត់ជួយធ្វើឯកសារបញ្ជាក់ជាបន្ទាន់។ ហើយសូមគោរពអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងលេខ២០ ជាគណបក្សដែលបានរំដោះ ប្រទេស និងប្រជាជនកម្ពុជាចេញពីឋាននរក។ ជាងនេះទៅទៀត ខេត្តយើងបានកែប្រែផ្នត់គំនិតអ្នកដ៏ទៃដែលតែងតែហៅ យើងថា ខេត្តប៊ុងប៊ឺ ទៅជាខេត្តកំពង់ស្ពឺពេញៗមាត់វិញ»