(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគង់វង្ស ជៀសវាងការធ្លាក់ទៅដល់ដៃជនទុច្ចរិត ធ្វើឱ្យលំបាកដល់ម្ចាស់កម្មសិទ្ធិ និងអាជ្ញាធរផងដែរ។

លោកអភិបាលខេត្តថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១,១៩២ក្បាលដី ស្មើនឹង ៤៨៩គ្រួសារ នៅភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

លោកអភិបាលខេត្តបានថ្លែងថា បណ្ណកម្មសិទ្ធិនេះពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏អាចមានបង្កការលំបាលខ្លះដែរ ដោយសារតែការគ្រប់គ្រងថែទាំមិនបានល្អ ធ្វើឱ្យបណ្ណនោះធ្លាក់ទៅលើដៃជនទុច្ចរិត ហើយជនខិលខូចនិងយកឯកសារនោះទៅប្រើប្រាស់ក្នុងអំពើទុច្ចរិត បង្កការលំបាកដល់ម្ចាស់កម្មសិទ្ធិ និងអាជ្ញាធរផងដែរ ហើយហេតុការណ៍នេះធ្លាប់កើតមានខ្លះៗហើយនាពេលកន្លងមក។

លោកបានថ្លែងទៀតថា ដោយសារតែនយោបាយពីអតីតកាល បានបំផ្លិចបំផ្លាញអស់ច្រើនឆ្នាំមកហើយ ដូច្នេះនៅពេលដែលបានចុះធ្វើបណ្ណកាន់កាប់ដីធ្លី ក្នុងពេលតែមួយសម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេស ចាំបាច់ត្រូវតែមានអ្នកទទួលបានមុន និងអ្នកទទួលបានក្រោយ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅភូមិចំរើនផលនេះ គឺទទួលបានមិនលឿនពេក ហើយក៏មិនយឺតពេកដែរ ដោយសារថាមុននេះ មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមបានទទួលជាង ៥០ម៉ឺនក្បាលដី រួចទៅហើយ នៅខ្វះជាង ៤០ម៉ឺនក្បាលដីទៀត ដែលមិនទាន់បានទទួល ហើយនៅចន្លោះនេះដែលប្រជាពលរដ្ឋនៅភូមិចំរើនផល បានទទួលបណ្ណកម្មសិទ្ធិនាពេលនេះ។

លោកបានបញ្ជាក់ដែរថា ចំនួនក្បាលដីដែលនៅសល់ មន្ត្រីជំនាញនឹងចាត់ចែងចុះវាស់វែងធ្វើតាមនិតិវិធីបន្តៗទៀត រហូតដល់ប្រជាពលរដ្ឋបានទទួលបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋរក្សាទុកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ក្នុងការរស់នៅ និងការបង្កបង្កើនផលជាដើម៕