(ភ្នំពេញ)៖ រហូតដល់ម៉ោង១១៖០០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានបញ្ចប់សវនាការលេីបណ្តឹងទាំង៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅក្នុងខេត្តបាត់ដំបងហេីយ ក៏ប៉ុន្តែ គ.ជ.ប បានដកឃ្លាបន្តិច ដើម្បីពិចារណា មុននឹងធ្វើសេចក្តីសម្រេចចិត្តនៅរសៀលនេះ។ នេះបើតាម លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក សោម សូរីដា បានអះអាងទៀតថា ដោយឡែកសម្រាប់ អតីតតំណាងរាស្ត្រឈ្មោះ ជា ជាវ ដែលត្រូវតុលាការហាមឃាតមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ អាចរងវិធានការច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ក្រៅពីមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលអាចត្រូវ គ.ជ.ប កសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមរយៈក្រសួងយុត្តិធម៌ នៅពេលខាងមុខ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានបើកសវនាការដោះស្រាយបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។

បើតាមសេចក្តីប្រកាស គ.ជ.ប, គិតត្រឹមម្សិលមិញ មានបណ្តឹងសរុបចំនួន២៤បណ្តឹង ក្នុង​នោះ២៣បណ្តឹង ត្រូវបានដាក់ទៅគណៈកម្មាធិការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និង​មួយបណ្តឹង ប្តឹងផ្ទាល់មកគណៈកម្មាការខេត្តរៀបចំការបោះឆ្នោត។

តាមសេចក្តីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងទៀតថា ចំពោះ២៣បណ្តឹងនោះ ដោះស្រាយដូចខាងក្រោម៖

* ៣បណ្តឹង កំពុងដោះស្រាយ​
* ២០បណ្តឹង ដោះស្រាយរួចដោយ គឃ.សប ។ ប៉ុន្តែក្នុង​ចំណោមនោះមាន៦ បណ្តឹងបានប្តឹងបន្តមក គ.ខ.ប ក្នុង​នោះមាន១បណ្តឹង ត្រូវដើមបណ្តឹងដកពាក្យបណ្តឹងវិញ ហើយ៥ បណ្តឹង  គ.ខ.ប  នឹងបើកសវនាការនៅ  គ.ខ.ប  ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅវេលាម៉ោង ៨៖០០នាទីព្រឹក ដែលទាំង៥បណ្តឹងនេះពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ។

ដោយឡែក១បណ្តឹងទៀតដែលប្តឹងផ្ទាល់មក  គ.ខ.ប ត្រូវបានដោះស្រាយសះជារួចហើយ។

ចំពោះករណីនេះ​គណបក្សប្រជាជន​កម្ពុជា ស្នើរសុំ គ.ជ.ប ចាត់វិធានការចំពោះលោក ជួង ជូងី ហើយ គ.ជ.ប កំពុងតែពិនិត្យ៕