(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា វិស័យកសិកម្ម មិនត្រឹមតែជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ និងបានចូលរួម ចំណែកក្នុងការ អភិវឌ្ឍរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អមដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមជាអធិបតីក្នុងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

ពិព័រណ៍ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ខាងលើនេះ ក្នុងគោលបំណង ដាក់បង្ហាញសមិទ្ធផល សម្រេចបានតាមរយៈការអនុវត្តគម្រោង ស្តីពី ការជំរុញផលិតកម្មស្បៀង ដែលគម្រោងនេះ ទទួលបានការឧបត្ថម្ភ គាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លើថវិកាចំនួន ២០.២៥លានដុល្លារ។

គម្រោងនេះ មានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល ដោយបាននិងកំពុងអនុវត្ត នៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។

ការរៀបចំពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលបន្លែសុវត្ថិភាពនាថ្ងៃនេះ គឺជាសមិទ្ធផល នៃការអនុវត្តគម្រោងខេត្តទី៧ ក្នុងចំណោមខេត្តគោលដៅទាំង១១ បន្ទាប់ពីខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និងខេត្តពោធិ៍សាត់។

បន្ទាប់ពីបានធ្វើរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តគម្រោង និងមតិស្វាគមន៍ ដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តរួចមក។

លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីអនុវត្តគម្រោង និងប្រជាកសិករ ដែលស្ថិតនៅខេត្តគោលដៅ របស់គម្រោង ទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត អនុវត្តគម្រោងសម្រេច ទទួលបានលទ្ធផលល្អប្រសើរ ដូចយើងបានឃើញនាថ្ងៃនេះ។

ក្នុងឱកាសនោះ លោក វេង សាខុន បានបញ្ជាក់ជូនអង្គពិធីជ្រាបថា «វិស័យកសិកម្ម មិនត្រឹមតែជាឆ្អឹងខ្នង នៃខឿនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ»។

ស្របពេលជាមួយ និងដំណើរការ នៃការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យនេះ ក្រសួង ក៏បាននិងកំពុងរៀបចំ ចក្ខុវិស័យសម្រាប់ អភិវឌ្ឍវិស័យកសិកម្ម កម្ពុជា ២០១៩ ដល់២០៣០ គឺក្នុងគោលបំណងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែងបរិយាប័ន្នធន់ នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូល ក្នុងគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តទៀតថា ដោយសារតែកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានល្អប្រសើរ ក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ បានធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ដ៏ល្អប្រសើរ ៧% ក្នុងមួយឆ្នាំ ហើយផលិតផលក្នុងស្រុកសរុប (ផសស) ម្នាក់ទទួលបានពី៣០០ដុល្លារ នៅឆ្នាំ២០០០ និងបានកើនឡើងរហូតដល់ ៩៣០ដុល្លារ ក្នុងឆ្នាំ២០១២ និង១,៤៣៥ដុល្លារ ក្នុងឆ្នាំ២០១៧។

ជាមួយនឹងការកើនឡើង នៃចំនួនប្រជាជន ភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការចាំបាច់សម្រាប់ជីវភាព រស់នៅរបស់ប្រជាជន តាមបែបស៊ីវិល័យ និងប្រកបដោយសុខុមាលភាពល្អប្រសើរ តម្រូវការផលិតផល កសិកម្មនៅលើទីផ្សារក្នុងស្រុក មានគុណភាព សុវត្ថិភាព និងសុខុមាលភាព មានការកើនឡើងជាលំដាប់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យមានការរៀបចំ គម្រោងជំរុញផលិតកម្មស្បៀងនៅកម្ពុជា សាកល្បងលើកទីមួយនេះ ឡើងសម្រាប់រយៈពេល៣ឆ្នាំពីចុងឆ្នាំ ២០១៦ ដល់២០១៩។

តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តកសិករសហគមន៍កសិកម្ម និងអាជីករលក់ដំ និងវិស័យឯកជន ក្នុងការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកវិទ្យាថ្មីៗ លើការដាំដុះការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានធ្វើឲ្យគម្រោង មកទល់ពេលនេះ ទទួលបានវឌ្ឍនភាពល្អប្រសើរ ដែលបានឈានដល់បង្កើតបាន នូវព្រឹត្តិការណ៍នាថ្ងៃនេះឡើង។

លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រាកដណាស់ថា គម្រោងនេះ បានចូលរួមចំណែកជាអាទិ៍៖

១៖ ការផលិតពូជស្រូវសុទ្ធ ស្រូវក្រអូប សម្រាប់ជំរុញផលិតកម្មស្រូវចំណី និងកែឆ្នៃ ដើម្បីបង្កើនការនាំចេញអង្ករ ជាមួយនឹងការផ្តល់សេចក្តីជឿជាក់ទុកចិត្ត ពីអ្នកបញ្ជាទិញពីខាងក្រៅប្រទេស មានលក្ខណៈប្រកួតប្រជែង ហើយមានឧត្តមភាពដណ្តើមបានទីផ្សារ។

២៖ ការប្រែក្លាយការដាំដុះបន្លែជាលក្ខណៈសួនបន្លែ ទៅជាចំការបន្លែ ជាកសិដ្ឋាន និងបានប្រែក្លាយពីកសិករ ដែលដាំដុះតាមទម្លាប់ ទៅជាកសិករវៃឆ្លាត និងជាកសិ-ពាណិជ្ជករ

៣៖ ការបំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូលផលិតផលបន្លែពីប្រទេសជិតខាង។

៤៖ ការផលិតមានលក្ខណៈប្រទាក់ក្រឡា និងមានលក្ខណៈល្អប្រសើរ ក្នុងសង្វាក់ផលិតកម្ម ជាមួយនឹង៖

* ការបង្កើនយកចិត្តទុកដាក់ លើការគ្រប់គ្រងដី ទឹក និងប្រើប្រាស់បច្ចេកវិទ្យាដាំដុះទំនើប

* ការផលិតនូវផលិតផលកសិកម្មល្អ ស្របតាមវិធាន និងស្តង់ដារភូតគាមអនាម័យ រួមជាមួយការវិចខ្ចប់ ទុកដាក់ និងដឹកជញ្ជូន

* ការធ្វើទំនាក់ទំនងល្អ រវាងអ្នកផលិត និងអ្នកបញ្ជាទិញ
* ការផ្តល់ទំនុកចិត្តចំពោះ អតិធិជនក្នុងការទិញយកទៅបរិភោគ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាព

៥៖ ការបង្កើនចំណូលកសិករ ស្របតាមកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្ប និងនៅពេលអនាគត

៦៖ ចូលរួមចំណែក ក្នុងការកាត់បន្ថយ ការធ្វើចំណាកស្រុក៕