(ភ្នំពេញ)៖ នៅពេលដែលកម្ពុជាកំពុងជាប់រវល់ក្នុងការរៀបចំការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រុមត្រកូលជនក្បត់ជាតិ សម រង្ស៊ី និងកឹម មនោវិទ្យា ក៏បានបង្កើនល្បឿនស្វែងរកកិច្ចអន្តរាគមន៍ពី ចៅហ្វាយនាយបរទេសរបស់ខ្លួនដើម្បីបំផ្លាញការបោះឆ្នោតចោល ប៉ុន្តែពួកគេបរាជ័យមិនអាចធ្វើអ្វីកើត។ ដូច្នេះមានតែបន្តជំហានទី២ ទៀតគឺធ្វើយុទ្ធនាការបំផ្លាញខ្មែរតាមរយៈដើរឱនក្បាល លត់ជង្គង់ចំពោះមុខ ជនបរទេសដាក់សម្ពាធនយោបាយ និងគំនាបសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងបំផ្លាញផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ។ ទង្វើដ៏ស្មោគគ្រោកបំផ្លាញខ្មែររបស់ក្រុមជនក្បត់ជាតិទាំងនេះមិនអាចអត់ឱនឱ្យបានឡើយ។ ពួកគេហារស្តីឡើងសុទ្ធតែស្រឡាញ់ប្រជាជន និងស្រឡាញជាតិសាសន៍ខ្មែរ។

បើស្នេហាជាតិ ហេតុអីត្រូវអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាតិសាសន៍ខ្លួនឯង?
បើស្រឡាញ់ប្រជាធិបតេយ្យ ហេតុអ្វីហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យទៅបោះឆ្នោត?
បើមានឧត្តមគតិជាតិ ហេតុអីទៅឱនក្បាលបម្រើបរទេសទាំងពូជ?
បើស្រឡាញ់ខ្មែរណាស់ ហេតុអីបានជាកូនៗមិនមករស់នៅជាមួយជាប្រជាជនខ្មែរក្នុងស្រុកខ្មែរ?
បើស្រឡាញ់ខ្មែរណាស់ ហេតុអីមិនលាលែងសញ្ជាតិបរទេស?
បើស្រឡាញ់ខ្មែរណាស់ ហេតុអីបានជាយកបរទេសធ្វើជាម៉ែឪ?
បើមានមនសកាជាតិ ហេតុអីបានទៅបំផ្លាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ?

ពាក្យចាស់លោកពោលថា ខ្មោចក្នុងមិនឱ្យដៃ ខ្មោចព្រៃមិនហ៊ានចូល! បើមិនជួយចូកជួយចែវឱ្យកម្ពុជាបានរីកចម្រើន សូមកុំយកជើងរាលទឹក!

កម្ពុជា បើអត់ពី សម រង្ស៊ី កឹម សុខា និងកឹម មនោវិទ្យា ប្រហែលជាលែងមានក្រុមប្រឆាំងកម្ពុជាទៀតហើយ។ ប្រជាជនខ្មែរអាចរស់នៅក្នុងសុខសន្តិភាព និងវិបុលភាព ហើយលែងមានអារម្មណ៍ច្របូកច្របល់។ កម្ពុជា បើអត់ពី សម រង្ស៊ី កឹម សុខា និង កឹម មនោវិទ្យា ប្រហែលជាគ្មានអ្នកណាអើពើដាក់សម្ពាធ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកម្ពុជានោះទេ! និយាយឱ្យសាមញ្ញ គឺលែងមានអ្នកចាក់រុក ឆ្កឹះឆ្កៀលបរទេសឱ្យធ្វើបាបខ្មែរទៀតហើយមើលទៅ!!!

បើខ្មែរស្រឡាញ់ខ្មែរ គួរតែការពារខ្មែរ!
បើខ្មែរស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់សន្តិភាព និងស្រឡាញ់ការអភិវឌ្ឍ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨