(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បាននិងកំពុងដឹកនាំមន្ត្រី និងអាជ្ញាធរ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គង ក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បីចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ។

ក្នុងការចុះត្រួតពិនិត្យនោះ លោកអភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ រួមនិងការដាក់លូជូនប្រជាពលរដ្ឋ ខណៈដែលផ្លូវ៣ខ្សែនេះ កំពុងឈូសឆាយនៅឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ចមួយដែរនោះគឺចលនាប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតនៅថ្ងៃទៅ២៩ ខែកក្កដា ខាងមុខនេះ ហើយបើក្រោយបោះឆ្នោត ប្រជាពលរដ្ឋក្នុងសហគមន៍នេះ មានប្រឡាក់ថ្នាំជ្រលក់ដៃ ដែលបញ្ជាក់ពីការទៅចូលរួមបោះឆ្នោតហើយនោះ រដ្ឋបាលរាជធានីនឹងស្ថាបនាផ្លូវបេតុងជូនតែម្តង។

ក្រោយបញ្ចប់ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសហគមន៍អន្លង់គងហើយនោះ លោក ឃួង ស្រេង ក៏នឹងអញ្ជើញបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោបន្តទៀតផងដែរ។ លោកក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើផ្លូវដែលបាក់ស្រុតដោយសារទឹកលិចនេះឡើងវិញផងដែរ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕