(ភ្នំពេញ)៖ កម្មវិធី «Cisco Hyperflex Champion 2018» ដែលមានអ្នកចូលរួមប្រឡង មកពីស្ថាប័នការងាររដ្ឋ និងឯកជន ចំនួន៤៤ស្ថាប័ន រួមមាន៖ កំពង់ផែស្វយ័ត ភ្នំពេញ,កំពង់ផែ ក្រុងព្រះសីហនុ, ក្រសួងសេដ្ឋកិច្ច, ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់, Prudential Cambodia និងក្រុមហ៊ុនផ្សេងៗទៀត ។លទ្ធផល បានរកឃើញម្ចាស់ជយលាភី ចំនួន៣រូបហើយ ដែលទទួលបានពានរង្វាន់នេះ។

ម្ចាស់ជយលាភី៣រូបនេះ រួមមាន៖ លេខ១- លោក សោម ករណី ប្រធានផ្នែក IT កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ, លេខ២- លោក ញាណ សុផាន មកពី Prudential Cambodia និងលេខ៣-លោក វិន ភិរុណ ខាងក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់ ។

កម្មវិធី Cisco Hyperflex Champion 2018 នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នាសណ្ឋាគារហ៊ីម៉ាវ៉ារី បានរៀបចំសហការដោយក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ នៅលើវិស័យបច្ចេកវិទ្យា និង Proseth Solution ជាក្រុមហ៊ុនឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលមានសមត្ថភាពជំនាញ លើប្រព័ន្ធសុវត្ថិភាព Network Security នៅកម្ពុជា ។

លោក សុត រតនៈ អ្នកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុន Proseth Solutions បានថ្លែងថា «កម្មវិធី Cisco Hyperflex Champion 2018 ដែលយើងធ្វើឡើងនេះ គឺជាលើកទី១ហើយ ដើម្បីចែករំលែកនូវចំណេះ ដឹងផ្នែកបច្ចេកវិទ្យាថ្មីមួយរបស់ Cisco​ គឺ Hyperflex ដល់បណ្ដាក្រុមហ៊ុននៅកម្ពុជាយើង ពីរបៀបនៃការប្រើប្រាស់ និងការទទួលបានអត្ថប្រយោជន៍ រួមទាំងបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញកិច្ចការងារផ្នែកបច្ចេកវិទ្យា ដូចជាការរក្សានូវកាផ្ទុកទិន្ន័យបានច្រើនជាងមុន និងមានការរួមបញ្ជូលរវាងទាំង Server, Storage យើងមាន Nextwork ក្នុង Data Center និងសារៈប្រយោជន៍ផ្សេងៗទៀត ។

ទន្ទឹមនឹងនោះ កម្មវិធី Cisco Hyperflex Champion 2018 នេះ «យើងក៏បានរកឃើញអ្នកទទួលជយលាភីចំនួន៣នាក់ផងដែរ ដើម្បីបន្ដទៅប្រកួតផ្ដាចព្រ័ត្រ នៅប្រទេសថៃ ហើយយើងក៏សង្ឃឹមថា បេក្ខជនរបស់យើង នឹងទទួលបានជោគជ័យត្រលប់មកវិញ» ។

ព្រមជាមួយគ្នានេះ លោក សោម ករណី ដែលជាម្ចាស់ជយលាភីទី១ បានលើកឡើងថា កម្មវិធីនេះ គឺល្អសម្រាប់ស្ថាប័នធំៗមួយចំនួន ដែលត្រូវផ្លាស់ប្ដូរពីប្រតិបត្ដិការដោយដៃ ទៅជាប្រព័ន្ធទំនើប ហើយការផ្លាស់ប្ដូរនេះទៀតសោត គឺទាមទារពីការងារបច្ចេកទេស ឧបករណ៍ (Hardware )មួយចំនួន ដើម្បីធ្វើឲ្យប្រតិបត្ដិការ មានលក្ខណៈរលូន ។ដូច្នេះកម្មវិធីនេះ បានបង្ហាញឲ្យឃើញ អំពីបច្ចេកវិទ្យាថ្មីៗ ដូចជា Cisco Hyperflex និងបច្ចេកទេសមួយចំនួន នៅក្នុងការប្រើប្រាស់ Cisco Hyperflex ធ្វើជាកាតាលីករមួយ ជំរុញការងារនៅតាមអង្គភាព ក្នុងគណនា និងផ្ទុកទិន្ន័យ (Data Center)»។

លោកបន្ដថា «ក្នុងការប្រលងនេះ មានចំនួន៣០សំនួរ ហើយសំនួរទាំងនេះ មិនងាយស្រួលនោះទេ សម្រាប់អ្នកមិនទាន់មាន និងប្រើប្រាស់វា នៅក្នុងស្ថាប័នរបស់គេនោះ ប៉ុន្ដែដោយឡែក ស្ថាប័នកំពង់ផែ ស្វយ័តក្រុងព្រះសីហនុវិញ គឺបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដើម្បីឲ្យដំណើរក្នុងកំពង់ផែរលូន ឆាប់បានរហ័ស និងមានសុវត្ថិភាព» ។

សូមជម្រាបថា ក្រុមហ៊ុន Cisco ដែលឈានមុខគេលើវិស័យបច្ចេកវិទ្យា មានវត្ដមានជាង៣០ឆ្នាំមកហើយ បច្ចុប្បន្ននេះ មានសាខាជាង ១០០ប្រទេស នៅលើពិភពលោក ៕