(រតនៈគិរី)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន លោក ថង សាវុន អភិបាលខេត្តរតនគិរី មន្ត្រីរាជការ រួមនិងប្រជាពលរដ្ឋជិត ២ពាន់នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានរួមគ្នាធ្វើពិធីដង្ហែទៀនព្រះវស្សា ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តទាំង៣៦នៅក្នុងខេត្តរតនគិរី។

ការដង្ហែទៀនព្រះវស្សានេះ ជាការបង្ហាញពីទឹកចិត្តគោរពប្រណិប័តន៍តាមគន្លងនៃព្រះប្រវេណៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿងថ្កុំថ្កើនឈានទៅគម្រប់ ៥ពាន់ព្រះវស្សា និងមួយវិញទៀតដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះសម្មាសម្ពុទ្ធក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សារយៈពេល៣ខែ។

ព្រះគ្រូចៅអធិការវត្តទាំងអស់ បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគ មួយចំនួនមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំងអស់ក្នុងខេត្ត ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ។

ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ)។

ក្នុងរយៈវេលា៣ខែនេះនៅគ្រប់ព្រះវហារនៃទីវត្តទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច។ តួទៀនធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសម្បូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកម្រាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ខែ។

កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬ ព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទៀនវស្សាទាំង៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ។ បណ្តាទៀនវស្សាទាំង ៤នោះទៀន១ត្រូវតម្កល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប។ ទៀន ១ទៀតតម្កល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតម្កល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស។ ទៀនទី៣តម្កល់នៅក្នុងហោព្រះខាន់ ទៀនទី៤ តម្កល់នៅក្នុងវិហារព្រះកែវមរកត។

ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទៀនព្រះវស្សា​នៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។

ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធគឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។​ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យនិងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្នដែលធ្វើមរណកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទៀន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទៀនចូលទៅ គេវេរទៀនរួចទើបអុជទៀននោះជាក្រោយ ។

ក្នុងឱកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សាចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបានប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ។ មុននឹងចេញទៅលោកត្រូទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។

ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាដចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក៕