(ភ្នំពេញ)៖ ដោយមើលពីតម្លៃសាំងហក់ឡើង និងមានការព្រួយបារម្ភពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាផង​នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញនូវការអន្ដរាយគមន៍ភ្លាមៗ ក្នុងការដោះស្រាយបញ្ហាតម្លៃសាំងឡើងថ្លៃជូនប្រជាជន។

ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាង ជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ។ ជាក់ស្ដែងបន្ទាប់ពីបានដឹង និងមើលឃើញថា តម្លៃសាំងឡើង លោកបានខិតខំរិះរកគ្រប់មធ្យោបាយ ​ដើម្បីសម្រួលតម្លៃសាំងឲ្យចុះថោកវិញ ពោលលោកបានដាក់ចេញចំណាត់ការថ្មីមួយ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពី០១ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ គឺតម្លៃប្រេងឥន្ទនៈនៅកម្ពុជា បានចុះថោកជាងតម្លៃធម្មតា១៦០រៀលក្នុង១លីត្រ ដោយរដ្ឋជួយចេញខាត២សេន (៨០រៀល) ហើយក្រុមហ៊ុនប្រេងឥន្ទនៈនានាក៏ជួយចេញ២សេនដែរមានន័យថា ប្រសិនបើតម្លៃទីផ្សារធម្មតាលក់ក្នុងមួយលីត្រ១ដុល្លារ (៤០០០រៀល) អ្នកទិញប្រេងឥន្ធនៈចំណាយលុយតែ ៣,៨៤០រៀលប៉ុណ្ណោះ។

តាមរយៈវិធានការជួយចេញថ្លៃប្រេងឥន្ធនៈ១៦០រៀលក្នុង១លីត្រនេះ ធ្វើរាជរដ្ឋាភិបាល ត្រូវខាតបង់ថវិកាក្នុងមួយឆ្នាំ ៣០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដាក់កំហិតឱ្យក្រសួងពាណិជ្ជកម្មត្រូវធ្វើការ និងតាមដានឱ្យដិតដល់លើតម្លៃប្រេងនេះ និងស្នើដល់ក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនានា គិតគូរឱ្យបានហ្មត់ចត់លើការលក់ប្រេងរបស់ខ្លួន។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនប្រេង បានទិញប្រេងមកស្តុកទុក ពេលតម្លៃប្រេងនៅទាបហើយលក់មិនទាន់អស់ មិនគួរដំឡើងថ្លៃភ្លាមៗនោះទេ នៅពេលតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។

ទីបំផុតបន្ទាប់ពីការដាក់គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលនេះ ជួយដោះស្រាយតម្លៃសាំងជូនប្រជាជន ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ របស់រាជ​រដ្ឋាភិបាល បានកំណត់តម្លៃប្រេងឥន្ទនៈនៅតាមស្ថានីយ២ដងក្នុង១ខែ ដើម្បីគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ កុំឲ្យក្រុមហ៊ុននាំចូល ហ៊ានដំឡើងតម្លៃសាំងស្រេចតែចិត្ត។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានចាតវិធានការហូរហែលចំពោះ ស្ថានីយលក់ប្រេងឥន្ទនៈនៅទូទាំងប្រទេសកម្ពុជា ដែលមិនគោរពតាមការកំណត់ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថានីយប្រេងឥន្ទនៈ ដែលលក់ប្រេងមិនគ្រប់ចំណុះផងដែរ។

ជំរុញការដាក់ចេញគោលនយោបាយបញ្ចុះតម្លៃប្រេងឥន្ទនៈរបស់រាជរដ្ឋាភិបាលនេះ ត្រូវបានសារទរពីប្រជាពលរដ្ឋ ព្រោះថា​ការបញ្ចុះតម្លៃប្រេងឥន្ទនៈនេះ បានជួយសម្រួលបន្ទុកជីវភាព របស់ពួកគាត់បានយ៉ាងច្រើន។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា គ្រាន់តែរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានធ្វើការឧបត្ថម្ភទុន ដោយស្ងាត់ស្ងៀម សម្រាប់រក្សានូវថ្លៃប្រេង នៅកម្ពុជា​កុំឲ្យឡើង ដោយបញ្ចេញថវិកាជិត ៨៣លានដុល្លារអាមេរិក។

សម្រាប់រ៉ែប្រេងកាតនៅកម្ពុជាវិញ មិនយូរទេ ឬអាចនិយាយថានៅឆ្នាំក្រោយនេះ កម្ពុជានឹងបូមប្រេងកាត់ចេញពីក្នុងសមុទ្ររបស់ខ្លួនជាក់ជាមិនខាន។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ធ្វើប្រតិបត្តិការបូមប្រេងនៅអណ្តូងអប្សរា ក្នុងប្លុក A ដោយក្រុមហ៊ុននេះ បាន និងកំពុងដំណើរការងារតាមជំហានៗរបស់ខ្លួន ដើម្បីឈានដល់ការបូមប្រេង បានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៩។

ស្របគ្នានឹងការបូមប្រេងនៅក្នុងប្លុក A អណ្តូងអប្សរានេះ គម្រោងរោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយ វិនិយោគដោយក្រុមហ៊ុនចិន មានទឹកប្រាក់ជាង៦០០លានដុល្លារ ក៏កំពុងដំណើរការសាងសង់ នៅក្នុងខេត្តព្រះសីហនុ ហើយតាមការគ្រោងទុករោងចក្រចម្រាញ់ប្រេងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ផងដែរ។

អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត់ ធ្លាប់បញ្ជាក់ថា «គម្រោងប្រេងនៅក្នុងប្លុក A អណ្តូងអប្សរា នឹងផលិតប្រេងរបស់ខ្លួននៅចុងឆ្នាំ២០១៩ ហើយគម្រោងរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា នឹងដំណើរការរបស់ខ្លួននៅចុងឆ្នាំ២០១៩ផងដែរ។ ដូច្នេះគម្រោងទាំងពីរនេះវាស្របគ្នា មិនតែប៉ុណ្ណោះក្រុមហ៊ុនផលិតប្រេងកាតនៅប្លុក A បាននឹងកំពុងព្យាយាមទាក់ទងជាមួយ រោងចក្រចម្រាញ់ប្រេងកាត ដើម្បីសម្របសម្រួលធ្វើការងារជាមួយគ្នា លើការងារផលិតប្រេងផងដែរ»

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ ធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងទទួលបានចំណូល យ៉ាងតិច៥០០លានដុល្លារអាមេរិក ពីអណ្តូងប្រេងកាតអប្សរា នៃប្លុក A។ ក្រៅពីប្លុក A នៅប្លុកដទៃទៀត ដូចជាប្លុក B ប្លុក C ប្លុក D ក៏សុទ្ធតែមានសក្ដានុពលក្នុងការវិនិយោគ ហើយក៏មានអ្នកវិនិយោគចាប់អារម្មណ៍ដែរ៕