(​ព្រះសីហនុ)៖ ទោះជា​មមាញឹកក្នុង​ភារកិច្ច​ ការពារ​ថែរក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ក្នុង​សង្គម​យ៉ាងណា​ក្តី​ នៅព្រឹក​ថ្ងៃ​ទី២៥ ខែ​​កក្កដា​ ឆ្នាំ​២០១៨​​នេះ ​លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី​ នាំយករទេះ​រុញ​ជន​ពិការ​ចំនួន​៨​គ្រឿង​ អង្ករ​ និង​​មី​មួយ​ចំនួន​ ទៅ​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ និង​ជួយ​ឧបត្ថម្ភ​ជន​ពិការ​៨នាក់​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។

ជន​ពិការ​ទាំង​៨នាក់​ មាន​លំនៅ​ឋាន​ដោយ​ឡែក​ៗ​ពី​គ្នា​ នៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយជាមនុស្ស​ចាស់​មាន​ជំងឺ​លើស​ឈាម​ ពិការ​មិន​អាច​ដើរ​បាន​ និង​​២នាក់​ទៀត​ ​ពិការ​ពី​កំណើត។

អ្នកទទួលអំណោយទាំងអស់នោះរួមមាន ទី១៖ឈ្មោះ ​ជៀប​ មេសា​ ភេទ​ស្រី​ អាយុ​១២ឆ្នាំ ពិការ​ពី​កំណើត​, ទី២៖ឈ្មោះ​ ស៊ីវ​ វិ​ន ​ភេទប្រុស ​អាយុ​៣០ឆ្នាំ ​ពិការ​ពី​កំណើត, ទី៣៖ឈ្មោះ ឃិន​ ឃន ភេទប្រុស ​អាយុ​៦​៧​ឆ្នាំ​ ពិការដោយជំងឺ​លើស​ឈាម, ទី៤៖ឈ្មោះ​ ស្រី​ ពាប់​ ភេទ​ស្រី ​អាយុ​៩៦​ឆ្នាំ​ ចាស់ជរា, ទី៥៖ឈ្មោះ ​ចាន់​ សុ​ភាព​ ភេទប្រុស​ អាយុ​៤​៨​ឆ្នាំ​ ពិការដោយជំងឺ​លើស​ឈាម, ទី៦៖ឈ្មោះ ​អ៊ុក យ៉ុន​ ភេទ​ស្រី ​អាយុ​៧៥​ឆ្នាំ ​ចាស់ជរា​, ទី៧៖ឈ្មោះ​ ស៊ុន​ វុទ្ធី ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ ជំងឺ​លើស​ឈាម និងទី៨៖​ឈ្មោះ ​ឡេង​ សា​មឿន​ ភេទ​ស្រី​ អាយុ​៦៥ឆ្នាំ។

អំណោយ​ដែល​ លោកឧត្តមសេនីយ៍ទោ ​ជួន​ ណា​រិន្ទ​ ឧបត្ថម្ភ​ជូន​គាត់​ទាំង​៨នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​រទេះ​រុញ​សម្រាប់​ជន​ពិការ​១គ្រឿង​ អង្ករ​មួយ​បាវ​តូច​ និង​មី​ចំនួន​២កេះ​។

សូម​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​២​១ ​ខែ​កក្កដា​​កន្លង​ទៅ​នេះ​ លោកឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានជូន​អំណោយ​រទេះ​រុញ​ អង្ករ​ និង​ មី​ ជូន​ដល់​ជន​ពិការ​នៅ​សង្កាត់​លេខ​៣​ ចំនួន​៥​នាក់​ មួយ​លើករួច​មក​ហើយ​​ ដោយ​សរុប​ទាំង​ពីរ​លើក​ លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​ឧបត្ថម្ភ​រទេះ​រុញ​ជូន​ជន​ពិការ​ នៅ​សង្កាត់​លេខ​៣ បាន​ចំនួន​១៣​នាក់​។

ក្នុង​ឱកាស​នោះ​ដែរ​ប្រជា​ពលរដ្ឋ ​ជា​ជន​ពិការ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ បាន​សំដែង​នូវ​ការ​រំភើប​រីករាយ​ ថ្លែង​អំណរគុណ​ ដល់​លោក​ឧត្តម​សេនីយ៍​ស្នងការ​ និង​​ព្រម​ទាំង​ដឹកនាំ​នារី​ពេទ្យ​​នគរបាល​​២នាក់​ ​ចុះ​សួរ​សុខទុក្ខ​ចែក​ថ្នាំ​ពេទ្យ​ ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំងឺ​ស្រាល​ៗ​ផងដែរ​៕