(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ បានប្រាប់ឲ្យមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាញបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានវិជ្ជាជីវៈជំនាញមួយច្បាស់លាស់។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាញបច្ចេកទេស និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា «អស់លោកមន្ដ្រីរាជការទាំងអស់ ត្រូវប្រឹងប្រែងធ្វើយ៉ាងម្ដេច ឲ្យពលរដ្ឋធ្វើស្រែចំការមានជំនាញច្បាស់លាស់ ដោយមិនចាំបាស់ពួកគាត់រៀនដល់បាក់ឌុបនោះទេ ព្រោះពួកគាត់នៅមូលដ្ឋានគាត់ចាស់ ត្រូវធ្វើយ៉ាងម្ដេចឲ្យពួកគាត់មានជំនាញ...បើធ្វើស្រែឲ្យប្រាកដថាធ្វើស្រែ ដោយវិជ្ជាសាស្ដ្រ បើកាលណាមានវិជ្ជា មានសមត្ថភាព ផលិតភាពនឹងកើតឡើង»

លោកបណ្ឌិត ពេជ សោភ័ន បានគូសបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម មានសារៈសំខាន់ណាស់ ដែលធ្វើឲ្យមនុស្សប្រើកម្លាំង ប្រើមនុស្សច្រើន ទៅជាមនុស្សដែលប្រើជំនាញ ដូច្នេះបានរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយមួយ ស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលក្រសួងបានធ្វើនៅឆ្នាំ២០១៧-២០២៥។

ជាមួយគ្នានោះ លោកបណ្ឌិតបានលើកឡើងថា ការដែលចែករំលែក ការដែលកសាងធនធានមនុស្ស គឺជាកត្ដាមិនអាចខ្វះបាន ដើម្បីឲ្យកម្ពុជា អាចឈានចូលឆ្នាំ២០៣០ ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដែលសម្ដេចតេជោ ហ៊ុន​ សែន បានដាក់ចេញនូវគោលដៅមួយទៀត នៅឆ្នាំ២០៥០ នឹងខ្លាចជាប្រទេស ដែលមានចំណូលខ្ពស់ ដែលគេហៅថា ជាប្រទេសដែលអភិវឌ្ឍ។

លោកបណ្ឌិត ពេជ សោភ័ន បានបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមួយគត់ និងជាជម្រើសតែមួយគត់ល្អជាងគេ គ្មានជម្រើសណា ល្អជាគណបក្សប្រជាជនកម្ពុជា ដែលបាននឹងកំពុង ធ្វើឲ្យប្រទេសកម្ពុជា រីកច​ម្រើនអភិវឌ្ឍ ដែលយើងទាំងអស់គ្នា អាចផ្ញើវាសនាទៅបាន ដែលនេះជាការពិត ដែលមិនអាចប្រែក្រឡះ ក្លែងបន្លំទាំងអតីតកាល បច្ចុប្បន្ន និងទាំងអនាគត។

ទន្ទឹមគា្ននេះផងដែរ លោកបណ្ឌិត ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ វាមិនគ្រាន់តែជាការជ្រើសរើស គណបក្សប្រជាជនកម្ពុជា ឬក៏អ្នកណានោះទេ តែជាការសម្រេចចិត្ដមួយ រវាងខ្មែរនិងខ្មែរ ហើយក៏ជាការសម្ដែងឲ្យឃើញថា ពលរដ្ឋកម្ពុជាទាំងអស់ ចង់បានរោងចក្រ ចង់បានការងារធ្វើ ចង់មានសន្ដិភាព ចង់ឲ្យការអភិវឌ្ឍ។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងទៀតថា ការដឹកនាំដែលអាចប្រកប បានដោយជោគជ័យ ហើយល្អបាន លុះត្រាតែមានការចូលរួមពីមហាជន, គណបក្សប្រជាជនកម្ពុជា ដែលអាចទទួលបានជោគជ័យ ក្នុងរយៈកាលជាង៣០ឆ្នាំកន្លងមកនេះ ក៏ដោយសារតែសម្ដេចតេជោ ហ៊ុន សែន យកទស្សនៈរបស់មហាជន ដែលធ្វើឲ្យឧបាយកលរបស់ពួកគណបក្សប្រឆាំង ទាំងឡាយត្រូវបរាជ័យទាំងអស់៕